បន្ទាប់ពីបើកដំណើរការភោជនីយដ្ឋាន ZEM ឡើងវិញអ្នកជំនួញវ័យក្មេងលោក ស្រេង ឈាងឡេង ក៏ប្រកាសឱ្យដឹងពីគម្រោងថ្មីមួយបន្ទាប់ពីសម្ងំបោះទុនផងដែរ នោះគឺគម្រោងបើកអាហារដ្ឋានលំហែរកាយនៅជាប់មាត់ទឹក ដែលរួមមាន កន្លែងញ៉ំអាហារដ៏ទាក់ទាញ ដែលឃើញហើយពិតជាមានការចាប់អារម្មណ៍។ ទីតាំងលំហែរកាយជាប់មាត់ទឹកនោះ ស្ថិតជាប់មាត់ស្រះធំមួយ នៅក្បែរបុរីពិភពថ្មីឈូកវ៉ា3 និង ក្បែរបុរីពិភពថ្មីឈូកវ៉ា2 និងជាទីតាំងដែលមានភោជនីយដ្ឋានប្របមាត់ទឹករួចជាស្រេច។
គម្រោងរបស់លោក ស្រេង ឈាងឡេង អាចនឹងទាក់ទាញអ្នកចូលចិត្តទទួលទានអាហារបែបរ៉ូមែនទិចឱ្យចាប់អារម្មណ៍លោកផង ខណៈដែលលោកបញ្ជាក់ថាកំពុងសម្ងំរៀបចំដេគ័រ និងធ្វើឱ្យបានរួចរាល់ដើម្បីបើកដំណើរការនៅចុងឆ្នាំនេះ។ យ៉ាងណាមិញលោកក៏មិនព្រលែងដៃពីភោជនីយដ្ឋាន ZEM នោះដែរ ដោយសារតែទីតាំងទាំងពីរនៅក្បែរគ្នា ដែលអាចឱ្យលោកមើលខុសត្រូវឡើងចុះបានស្រួល។