មកទល់ពេលនេះ គេមិនដែលទទួលព័ត៌មានថា ភោជនីយដ្ឋានបាយ័ន ដែលបានដំណើរអស់ជាច្រើនកហើយ បិទទ្វារ ឬ ជម្រុះចោលបុគ្គលិកដោយសារបញ្ហាធ្លាក់ចំណូល ឬ ប្រឈមនឹងការក្ស័យធនសាខាណាមួយនោះទេ បើទោះជារយៈពេល២ឆ្នាំបានបង្ខំអោយបណ្ដាហាងរាប់មិនអស់ ពិសេសគឺមានទាំងភោជនីយដ្ឋានយីហោល្បីៗផង បិទទ្វា។ ទាំង៣សាខាដែលបានដំណើរជាយូរមកហើយរបស់ភោជនីយដ្ឋានបាយ័ន នៅតែមានចរន្តរឹងមាំ ដោយសារយុទ្ធសាស្ត្រមួយនេះរបស់អ្នកគ្រប់គ្រង ដែលបណ្ដាអ្នកធ្វើអាជីវកម្មដូចគ្នា គួរតែស្វែងយល់ពីបទពិសោធន៍ ដោយសារនៅក្នុងកាលៈទេសៈដែលកូវីត១៩បន្តរាលដាលនេះ ប្រសិនបើគ្មានការបត់បែន និង ទទួលយកចំណេះដឹងថ្មីៗ ពីបណ្ដាហាងដែលជោគជ័យទេ គឺមិនខុសពីរអិលជើងចូលផ្លូវបរាជ័យនោះឡើយ។ ជាក់ស្ដែងក្រោយបញ្ចប់ភ្ជុំភ្លាមៗ គឺហាងមួយនេះ បើកដំណើរការតែម្ដង។
លោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋានបាយ័ន បានបង្ហាញនូវគន្លឹះជោគជ័យដើម្បីប្រឆាំងនឹងបរិយាកាសកូវីត១៩នេះថា ភ្លាមៗបន្ទាប់ពីកូវីត១៩វាយលុកកម្ពុជា អាជីវកម្មរបស់លោ កស្រីក៏មានបញ្ហាខ្លះៗផងដែរ ប៉ុន្តែដោយសារលោកស្រីមានជំនាញគ្រប់គ្រងអាជីវកម្មប្រកបដោយបទពិសោធន៍ខ្ពស់ទើបលោកស្រីអាចស្ដារស្ថានភាពទាំងមូល ដោយសូម្បីតែក្នុងអំឡុងពេលតំបន់សំខាន់ៗនៅរាជធានីភ្នំពេញ តម្រូវអោយបិទខ្ទប់។ លោកស្រីថា ភោជនីយដ្ឋានបាយ័នបានប្ដូររបត់ពីការលក់អាហារនៅនឹងកន្លែង ទៅជាការវាយលុកលើទីផ្សារអនឡាញ ហើយបង្កើនការកុម្ម៉ង់ពីអតិថិជន ធ្វើអោយតម្រូវការលក់ចេញរបស់បណ្ដាសាខានីមួយៗនៅតែអាចបង្កើនចំណូល។
លោកស្រីថា ក្នុងចំណោមសាខាទាំង៣របស់ភោជនីយដ្ឋានបាយ័ន គឺនៅតែបន្តបើកលក់អាហារពេលព្រឹក ពេលថ្ងៃត្រង់ និង ពេលល្ងាច ហើយមានចំណុចបត់បែនច្រើនណាស់ទើបលោកស្រីអាចធ្វើអោយសាខាទាំង៣បន្តដំណើរដោយជោគជ័យ។ លោកស្រីញ្ជាក់ពីយុទ្ធសាស្ត្រជោគជ័យនោះថា ទី១ គឺបណ្ដាសាខាទាំងអស់របស់ភោជនីយដ្ឋានបាយ័ន មុនមែនចេះតែបើកៗទេ ដោយទីតាំងដែលក្រុមហ៊ុនសម្រេចបោះទុន ដាច់ខាតត្រូវតែមានចំណុចទាក់ទាញភ្ញៀវ និង សំឡឹងរួចជាស្រេចថា ទោះជាស្ថិតក្នុងស្ថានភាពណាក៏ត្រូវតែភ្ញៀវគាំទ្រ។ ទី២ មុខអាហារទាំងអស់ដែលភោជនីយដ្ឋានផ្ដល់ជូន ត្រូវតែមានទាំងអាហារដែលអ្នកទទួលទានភាគច្រើនពេញនិយម ហើយត្រូវតែធានាពីអនាម័យ និង រសជាតិ ដោយមិនមែនសាខានេះរសជាតិផ្សេង ហើយសាខានោះរសជាតិផ្សឹងឡើយ។
ទី៣ តម្លៃគ្រប់អាហារទាំងអស់គឺទាបដែលទទួលយកបានទាំងអ្នកមធ្យម និង អ្នកធូរធារ។ សាខាទាំង៣របស់ ភោជនីយដ្ឋានបាយ័ន ដែលបើកដំណើរការយ៉ាងជោគជ័យ គឺមួយនៅលើផ្លូវជា សុផារ៉ា ទល់មុខស្នងការរាជធានីភ្នំពេញ។ មួយកន្លែងនៅបុរីប៉េងហួតបឹងស្នើ លើបណ្ដោយផ្លូវជាតិលេខ១ និង ទី៣ មាននៅលើផ្លូវព្រៃស ប្រមាណជា៤០០ម៉ែត្រពីស្តុបសាលាកសិកម្ម។ ចំណុចពិសេសរបស់ភោជនីយដ្ឋាននេះ គឺមុខអាហារទាំង៣ពេល សុទ្ធតែទទួលការសរសើរថាឆ្ងាញ់ អនាម័យ តម្លៃទាប ហើយទីតាំងសម្រាប់ទទួលទានគឺស្អាតហើយត្រូវបានរចនាបទបែបខ្មែរ។