កាលពីព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន CL Hanchey Resort បានធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់ផ្ទះលម្ហែកាយ និង បើកលក់គម្រោងរបស់ខ្លួនជាផ្លូវការ ដោយមានភ្ញៀវកិត្តិយសជាច្រើនចូលរួម។ នេះជាគម្រោងបង្កើតតំបន់អេកូទេសចរណ៍ដ៏ធំប្រចាំខេត្តកំពង់ចាម ខណៈដែលទីតាំងគម្រោងក៏ជាតំបន់កម្សាន្តមួយដ៏មានសក្កានុពល នាពេលបច្ចុប្បន្នរួចទៅហើយ។
លោក សាយ ម៉េងឡាយ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន CL Han Chey Resort បានថ្លែងបញ្ជាក់ថា ដោយសារតែនៅខេត្តកំពង់ចាម នៅមិនទាន់មានតំបន់អេកូទេសចរណ៍ធំ និង ទាក់ទាញនៅឡើយ ទើបលោកសម្រេចបោះទុនរហូតដល់ជាង៧លានដុល្លារអាមេរិក វិនិយោគបង្កើតតំបន់នេះឡើង នៅលើទីតាំងប្រមាណជាង១៤០ហិកតារ។ គម្រោងនេះ ក្រៅពីសាងសង់ជាផ្ទះលម្ហែកាយលក់អោយពលរដ្ឋ ក៏នឹងសង់ជាសួនកម្សាន្ត ជាកន្លែងជិះទូក ស្ទូចត្រី ជាកន្លែងជិះកង់ ជាសួនបន្លែ ជារមណីយដ្ឋានសម្រាកកម្សាន្ត ដើម្បីទទួលភ្ញៀវទេសចរណ៍ផងដែរ។ ក្នុងគម្រោងនេះ ត្រូវបានលោករំពឹងថា នឹងក្លាយជាតំបន់លម្ហែកាយដ៏ធំដូចគ្នានឹងនៅរតនៈគីរីដែរ ហើយអាចនឹងទាក់ទាញជាងនៅរតនៈគីរីផង ព្រោះតែរយៈចម្ងាយមិនឆ្ងាយពីទីរួមខេត្ត ហើយនៅជិតនឹងភ្នំហាន់ជ័យ ដែលជាតំបន់កម្សាន្តស្រាប់។ ក្រោយការប្រកាសសាងសង់ផ្ទះគំរូ និង បើកគម្រោងលក់នេះ លោកជឿជាក់ថានឹងមានការគាំទ្រខ្លាំង ដោយសារតែដី៥០ ×១០០ មានទាំងដំណាំ និង ផ្ទះមួយខ្នងស្រាប់ តែមានតម្លៃត្រឹមតែ២៥០០០ដុល្លារ។
លោក ម៉ោល ចាន់ណា នាយកប្រតិបត្តិ ក្រុមហ៊ុន CL Han Chey Resort បានថ្លែងផងដែរថា គម្រោងមួយនេះនាថ្ងៃអនាគត នឹងស្រូបទាញអ្នកទស្សនាអោយមកលម្ហែកាយច្រើន ស្របពេលដែលយុទ្ធសាស្ត្រក្រុមហ៊ុន គឺនឹងបើកអោយមានផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងសម្រាប់ថត Pre Wedding និង ទីសម្រាកកាយដ៏ធំ ដើម្បីទាក់ទាញអ្នកទេសចរណ៍។ ជាគម្រោងក្រុមហ៊ុនក៏ធ្វើអោយអ្នកទិញដី និងទិញផ្ទះលម្ហែកាយនៅក្នុងគម្រោងនេះ មានចំណាប់អារម្មណ៍ចង់មកលម្ហែ និង មកស្នាក់នៅកម្សាន្តរៀងរាល់ថ្ងៃទំនេរផងដែរ ដើម្បីអោយតំបន់ទាំងមូលក្លាយតំបន់អេកូទេសចរណ៍ដ៏ធំ។ ដោយឡែកសម្រាប់អ្នកចង់ទិញដី និង ផ្ទះលម្ហែកាយទុកសម្រាប់យកចំណេញក៏ល្អផងដែរ ដោយសារតែក្នុងផែនការដែលផ្ទះគំរូនៅមិនទាន់សាងសង់ហើយនេះ គឺដីមួយប្លង់ ៥០×១០០ ហើយមានផ្ទះ មានចម្ការ និង មានទឹកភ្លើង គឺតម្លៃត្រឹមតែ២៥០០០នៅឡើយ។ នៅក្នុងពិធីនោះ ក៏មានវត្តមានតារាល្បី២ដួងចូលរួមផងដែរ គឺលោក ពែកមី និង តារាចម្រៀងលោក ខាន់ ជេមស៍។