តាំងពីថ្ងៃទី១៥ កញ្ញា ដែល សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អមជាមួយវេទិកាតម្រង់ទិសការសិក្សាយ៉ាងអធឹកអធម នៅទីស្នាក់ការរបស់ខ្លួន ដោយកម្មវិធីដែលបញ្ចប់នៅល្ងាចថ្ងៃទី១៦ កញ្ញានេះ មានសារទរយ៉ាងខ្លាំងពីសំណាក់សិស្សជាប់បាក់ឌុប។ កម្មវិធីនេះត្រូវបានប្រកាសបើកកាលពីរសៀលថ្ងៃ១៥ កញ្ញា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តមអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីសិស្សានុស្ស អាណាព្យាបាលសិស្ស លោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធប្រមាណជាង៧០០នាក់។
ការរៀបចំពិធីអបអរសាទរលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នាថ្ងៃនោះ ក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ បានផ្តល់នូវរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស និងវិទ្យាល័យដែលបានជ័យលាភីក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨។
ព្រឹត្តិការណ៍នេះក៏ជាការប្រកាសអោយដឹងពីពិព័ណ៌តម្រង់ទិសការសិក្សា ដោយផ្តោតសំខាន់លើការតម្រង់ទិសសម្រាប់ការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ការតម្រង់ទិសសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈ យន្តការទ្រទ្រង់សម្រាប់តម្រង់ទិសការសិក្សា ដោយមានវាគ្មិនសំខាន់ៗចូលរួមឧទ្ទេសនាមដើម្បីចែករំលែងគំនិតយោបល់ ក៏ដូចជាបទពិសោធន៍ល្អៗដល់សិស្សអោយដែលជាប់បាក់ឌុប។ ក្នុងឱកាសនោះក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ បានប្រកាសជា ផ្លូវការឱ្យប្រើប្រាស់កម្មវិធីទូរសព្ទឆ្លាតវៃ (Mobile App) និងគេហទំព័រវគ្គបំប៉នបាក់ឌុប (www.uyfcbacii.org) ដែលប្អូនៗអាចប្រើប្រាស់ជាវេទិការួម (Common Platform) ក្នុងការចែករំលែកបទពិសោធន៍ ភាពជោគជ័យ និងពត៌មានផ្សេងៗទៀតពាក់ពន្ធ័នឹងការសិក្សាអប់រំ ក៏ដូចជាអាជីពការងារក្នុងពេលសិក្សាសម្រួលដល់ការលំបាក។ ជាមួយគ្នានោះដែរ ពិពណ៌ទាំងមូល ក៏មានការដាក់តាំងបង្ហាញស្តង់ពិព័រណ៍ចំនួន៥២ស្តង់ក្នុងនោះមាន គ្រឹស្ថានឧត្តមសិក្សា និងសាលាវិជ្ជាជីវៈ ធនាគារ មីក្រូហិរញ្ញវត្ថុផ្តល់កម្ចីសិក្សា ក្រុមហ៊ុន និងសហគ្រាសដៃគូវគ្គបំប៉នបាក់ឌុប និងសមាគម អង្គការយុវជននានា។
គួររំលឹកផងដែរថានៅពេលមុនប្រឡងមធ្យមសិក្សាទុតិយភូមិនោះដែរ ដើម្បីជាការត្រៀមបំប៉នបន្ថែមដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប បានរៀបចំវគ្គបំប៉នដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តចំនួន ៣៧៨នាក់ និងមានសិស្សចូលរៀនចំនួន ៧ ៣៦៦ នាក់។ វគ្គបំប៉ននេះត្រូវបានរៀបចំឡើងនៅតាមវិទ្យាល័យទាំង ៣៤ នៅទូទាំងរាជធានីភ្នំពេញ អស់រយៈពេល ៧សប្តាហ៍ ដោយផ្តោតលើមុខវិជ្ជាចំនួន ៥ រួមមាន គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ហើយមានការបង្រៀនសរុបចំនួន ៨ ២៦៨ម៉ោង។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងពេញរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ និង១៥ កញ្ញា ដោយមានការរំពឹងថានឹងមានសិស្សទើបជាប់បាក់ឌុបកុះករចូលរួម ដើម្បីជាប្រយោជន៍ក្នុងការសិក្សា៕