កាលពីព្រឹកថ្ងៃ២១ សីហា ទីតាំងផ្សារទំនើប និងជាតំបន់ទេសចរណ៍ធំមួយ ដែលមានឈ្មោះ World Bridge Arena (WB Arena) ដែលមានទីតាំងស្ថិតនៅលើផ្ទៃដីល្វឹងល្វើយនៅមាត់ទន្លេក្នុងតំបន់ចាក់អង្រែក្រោម បានប្រកាសជាផ្លូវការថា គម្រោងទ្រង់ទ្រាយធំរបស់ខ្លួន នឹងបើកដំណើរការនៅដើមខែ១១ខាងមុខ។ នៅលើផ្ទៃដីជាច្រើនហិកតា គម្រោងនេះក្រៅពីមានជាផ្សារទំនើប តំបន់លម្ហែកាយ ទីលានទស្សនាសិល្បៈ-ក្បាច់គុនខ្មែរ ក៏មានកន្លែងក្មេងលេង ហាងចំណីអាហារ និងមានជាទូក កម្សាន្តជិះតាមដងទន្លេ។
លោក សាយម៉ុន គ្រីហ្វីត នាយកគ្រប់គ្រងក្រុមហ៊ុន Urban Asset Solutions ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានប្រកាសបង្ហាញពីគម្រោងមួយនេះថា ផ្សារកម្សាន្ត WB Arena នឹងក្លាយជាតំបន់លំហែរកាយបែបទេសចរណ៍ដ៏ទាក់ទាញមួយ នៅក្នុងតំបន់ចាក់អង្រែជាប់មាត់ទន្លេ។ គម្រោងនេះប្រកាសបោះទុនជាង១០លានដុល្លារ ដោយរួមមានផ្សារទំនើប ហាងប្រេនៗ និងកន្លែងសម្រាប់អង្គុយកម្សាន្តយ៉ាងសំបូរបែប បំពេញសេចក្ដីត្រូវការរបស់អ្នកទស្សនា និងចូលចិត្តលំហែរកាយ។ លោកថាគម្រោងមួយនេះ មានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែមានផ្ទៃដីធំទូលាយ ជាប់មាត់ទន្លេ និងស្ថិតក្នុងតំបន់ប្រជុំជនលើផ្លូវធំក្នុងតំបន់ចាក់អង្រែក្រោម ដែលល្អបំផុតសម្រាប់អាជីវកម្មហាងទំនើប និងអ្នកចូលចិត្តកម្សាន្តនៅក្នុងភ្នំពេញ។ ផ្សារទំនើប និងតំបន់ទេសចរណ៍World Bridge Arena នេះ នឹងក្លាយជាទីតាំងប្រមូលផ្ដុំទំនិញទំនើបៗ ដោយក្រៅពីអាចដើរផ្សារ និងអង្គុយទទួលទានអាហារឆ្ងាញ់ៗក្នុងហាងប្រេនៗ ក៏អាចទស្សនាការសម្ដែងសិល្បៈ អមដោយការប្រដាល់ និងការសម្ដែងក្បាច់គុនល្បុកត្តោ ក្រោមការសហការពីស្ថាប័នពាក់ព័ន្ធនៃក្រសួងវប្បធម៌ផងដែរ។ លោករំពឹងយ៉ាងខ្លាំងថា គម្រោងដែលនឹងចំណាយរហូតដល់ជាង១០លានដុល្លារមួយ នឹងទាក់ទាញអ្នកទេសចរណ៍បានច្រើន ខណៈដែលក្រុមហ៊ុនក៏បានបោះទុនរៀបចំកញ្ចប់ទេសចរណ៍ ដើម្បីទាក់ទាញអ្នកទេសចរណ៍ដែលមកស្នាក់នៅនៅក្នុងរាជធានីភ្នំពេញ ហើយមិនដឹងថាតើត្រូវទៅកម្សាន្តនៅឯណា អោយចាប់អារម្មណ៍មកកម្សាន្តនៅក្នុងតំបន់ WB Arena នេះ។
លោក យុគ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅនៃតំបន់កម្សាន្ត World Bridge Home បានថ្លែងបញ្ជាក់ថា គម្រោងបង្កើតតំបន់កម្សាន្តនេះ នឹងផ្ដល់ឱកាសអោយពាណិជ្ជករធំៗ និងអ្នកកម្សាន្តទាំងក្នុងស្រុក និងក្រៅស្រុក អោយកាន់តែជិតស្និទ្ធគ្នាក្រោយពេលដំណើរការ។ លោកថាថវិកាជាង១០លានដុល្លារសម្រាប់គម្រោងទាំងមូល នៅមិនទាន់ប្រាកដថានឹងបានគ្រប់គ្រាន់ដូចការគ្រោងទុកនោះទេ ដោយសារតែភាពជាក់ស្ដែងគឺទីតាំង WB Arena នឹងត្រូវអភិវឌ្ឍន៍ច្រើនគម្រោង និងមានកម្មវិធីថ្មីៗប្លែកៗ ដើម្បីទាក់ទាញអ្នកទេសចរណ៍។ ទីតាំងនេះ ក៏នឹងក្លាយជាផ្សារទំនើប និងកន្លែងកម្សាន្តនាពេលរាត្រីដ៏ស្រសស្អាតផងដែរ ជាពិសេសសម្រាប់អ្នករស់នៅត្រើយម្ខាងនៃទន្លេ និងអ្នកជិះកាណូតទេសចរណ៍ទស្សនាតាមការរៀបចំរបស់ក្រុមហ៊ុន។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងបញ្ជាក់ថាវត្តមាន WB Arena នឹង ទាក់ទាញអ្នកទស្សនាទាំងជាតិ និងអន្តរជាតិអោយមកកម្សាន្តមិនតិចនោះទេ ដោយសារតែគម្រោងមួយនេះក្រៅពីមានផ្សារទំនើប មានអាហារដ្ឋាន និងកន្លែងអង្គុយកម្សាន្ត ក៏មានសិល្បៈតន្ត្រីអោយអ្នកទេសចរណ៍បានកម្សាន្ត ហើយថែមទាំងមានទូកជិះលំហែរ ដែលល្អបំផុតសម្រាប់អ្នកទេសចរណ៍។
មិនខុសគ្នាដែរ លោកឧកញ៉ា លូ ម៉េង អគ្គនាយកក្រុមហ៊ុនអាល់ម៉ុនគ្រុប ក៏បានសាទរផងដែរ ចំពោះការវិនិយោគមួយនេះ ដោយលោកប្រកាសថាក្រុមអ្នកចង់វិនិយោគបង្កើតជាហាង និងជាទីតាំងលំហែរកាយផ្សេងនៅក្នុងតំបន់នេះ គឺល្អបំផុតសម្រាប់ WB Arena។ លោករំពឹងថាតំបន់មួយនេះ នឹងទាក់ទាញអ្នកទេសចរណ៍អោយចាប់អារម្មណ៍ច្រើន ជាពិសេសអ្នកចូលចិត្តជិះទូកកម្សាន្ត និងអ្នកត្រូវការទស្សនាតន្ត្រី ការប្រដាល់ ក្បាច់គុនល្បុកត្តោ និងល្បែងក្មេងកម្សាន្ត៕