ហាងកាត់ដេរដ៏ល្បី ប្រចាំប្រទេសថៃ បង្ហាញវត្តមាន នៅកម្ពុជា

0

កាលពីព្រឹកថ្ងៃទី៣ តុលា ឆ្នាំ២០២០ ហាងកាត់ដេរ ចៅឃុន ឬ Chao Khun Tailer ដែលជាហាងផលិតសំលៀកបំពាក់ម៉ាក 5Stars ដ៏ល្បីរបស់ប្រទេសថៃ បានធ្វើពិធីក្រុងពាលី ដើម្បីរៀបចំហាងយ៉ាងអធឹកអធម ដើម្បីឈានទៅបើកសម្ពោធជាផ្លូវការក្នុងពេលខាងមុខ។ នេះគឺជាហាងដ៏ល្បីដែលជាអ្នកច្នៃឈុត 5Stars ដែលឈុតលំដាប់នេះ មួយកំប្លេមានតម្លៃរហូតដល់១២០០០ដុល្លារសហរដ្ឋអាមេរិកឯណោះ។

លោក សុផាក់ឆៃ វិរៈភុជុង្គ ម្ចាស់ហាងកាត់ដេរចៅឃុន ដែលជាអគ្គនាយិកាប៉ុស្តិ៍លេខ៥ផង បានថ្លែងបញ្ជាក់ថា មកទល់ពេលនេះ ហាងចៅឃុនដ៏ល្បីនេះ បានដំណើរការនៅក្នុងប្រទេសថៃប្រមាណជា៦០ឆ្នាំហើយ ដោយមុនមកដល់កម្ពុជា ហាងនេះក៏មានវត្តមាននៅក្នុងបណ្ដាប្រទេសមួយចំនួនផងដែរ។ ការសម្រេចបង្ហាញវត្តមានជាលើកដំបូងនៅកម្ពុជានេះ គឺបន្ទាប់ពីយល់ឃើញថា ប្រជាជនកម្ពុជាមួយចំនួន ក៏និយមប្រេនដ៏ល្បី និង មានតម្លៃមួយនេះផងដែរ និងម្យ៉ាងគឺចង់រួមចំណែក
ជួយសម្រួលដល់បងប្អូនខ្មែរពិសេសអ្នកដែលនិយមស្លៀកសម្លៀកបំពាក់ទម្រង់ 5Stars កុំឱ្យធ្វើដំណើរហោះហើរវែងឆ្ងាយក្នុងការទៅទិញសម្លៀកបំពាក់ដល់ក្រៅប្រទេស នោះផង ទើបលោកសម្រេចបោះទុនបើកសាខាផ្ទាល់ខ្លួនមួយនៅក្នុងប្រទេសកម្ពុជា។

អ្នកស្រី សិរិណាត់ ស៊ូងប្រាសិទ អ្នកគ្រប់គ្រងទូទៅហាងចៅឃុនកាត់ដេរនៅកម្ពុជា បញ្ជាក់ថា ពិធីក្រុងពាលីនេះ នឹងបង្ហាញជាមុនសិនថា សំលៀកបំពាក់ប្រេន 5Stars ដែលក្នុងប្រទេសជាពិសេសអ្នកក្នុងឋានៈនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកមានៗ និងតារាល្បីៗ និយមប្រើ នឹងត្រៀមបើកសម្ពោធនៅកម្ពុជា ក្នុងពេលខាងមុខ។ អ្នកស្រីថា ទីតាំងដែលនឹងដំណើរការនៅផ្ទះលេខ៣៤ ផ្លូវ៣១០ សង្កាត់បឹងកេងកង១ ខ័ណ្ឌបឹងកេងកង នេះ នឹងរំពឹងថា នឹងទទួលជោគជ័យមិនអន់ជាងសាខានៅក្នុងប្រទេសផ្សេងនោះទេ ដោយសារប្រជាពលរដ្ឋខ្មែរមួយចំនួនក៏និយម និង ស្គាល់ប្រេនល្បីល្បាញនេះរួចទៅហើយ៕