កាលពីង្ងៃទី 27 កញ្ញា ឆ្នាំ 2020 តារាចម្រៀង សាន់ដេ លោក Eno មិនត្រឹមតែធ្វើពិធីខួបកំណើតដូចឆ្នាំមុនៗប៉ុណ្ណោះទេ លោកក៏បានប្រកាសបើកសម្ភោធឃ្លាំងរថយន្ត ដែលមានសេវ៉ាកម្មទិញលក់ និងជួសជុលរថយន្តនៅជិតផ្សារទំនើប Aeon2 ដែលប្រើដើមទុនរហូតដល់ជាងកន្លះលានដុល្លាផងដែរ។ នេះជាអាជីវកម្មផ្ទាល់ខ្លួនបន្ទាប់ពីលោកត្រូវគេដឹងថាមានអាជីពលក់ឡានកន្លងមកផងដែរ។ លោក Eno ថ្លែងក្នុងកិច្ចសម្ភាសន៍ថា បន្ទាប់ពីលោកទទួលបានបទពិសោធន៍ច្រើននៅក្នុងមុខរបរលក់ឡាន និងមានការចូលរួមពីក្រុមគ្រួសាររបស់លោក ទើបលោកសម្រេចបើកអាជីវកម្មថ្មីនេះឡើងដោយដាក់ឈ្មោះថា Eno Auto Car ដែលនេះគឺជាឃ្លាំងលក់រថយន្តមួយផ្ទាល់ខ្លួន។
ម្យ៉ាងមកពីលោកចង់ធ្វើពិធីនេះឱ្យអធិកអធមផងទើបសម្រេចបើកសម្ភោធចំថ្ងៃខួបកំណើតតែម្ដង ដោយលោកអញ្ជើញភ្ញៀវអ្នកសិល្បៈប្រមាណជាង 300 នាក់អញ្ជើញចូលរួម។ លោក Eno បន្តថា ហេតុផលដែលលោក ហ៊ានបើកអាជីវកម្មលក់ឡានដោយផ្ទាល់ខ្លួននេះ គឺដោយសារតែលោកមើលឃើញនូវយុត្តិសាស្ត្រជោគជ័យរួចទៅហើយស្របគ្នាដែលទីផ្សារលក់ឡានរបស់លោកមានអតិថិជនទូទាំងប្រទេសទទួលស្គាល់រួចមកហើយ ជាពិសេសគឺយុទ្ធសាស្ត្របង់រំលោះជាមួយនឹងលក្ខខ័ណ្ឌងាយៗ លក់តម្លៃទាបជាងទីផ្សារ និងលក់តែរថយន្តមិនបុក មិនកាត់ត ហើយមានសេវ៉ាធានាត្រឹមត្រូវ។
យានដ្ឋានរបស់លោកមានលក់ទាំងរថយន្តធម្មតា និងសេរីទំនើប ហើយបើទោះបីជាលោកជោគជ័យនឹងអាជីវកម្មលក់ឡានមួយនេះក៏លោកនៅតែប្រកាន់ជំហរមិនដកថយក្នុងអាជីបសិល្បៈនោះដែរ ដោយលោកនឹងដើរឱ្យជោគជ័យទន្ទឹមគ្នា។ លោកថា សប្បាយចិត្តដែលពិធីសំខាន់របស់ខ្លួនបើទោះបីជាមានការរំខានដោយភ្លៀង ក៏មានសិល្បៈករ និងភ្ញៀវអញ្ជើញចូលរួមពេញរោងផងដែរ ជាពិសេសគែឺតារាល្បីៗ ដែលលោកមានទំនាក់ទំនងនៅក្នុងសង្គមសិល្បៈ។