ផ្ដើមចេញពីភាពវ័យឆ្លាត ម្ចាស់ប្រេន Pichy P-White ក្លាយជាបុគ្គលជោគជ័យ

0

ក្នុងរយៈពេលចុងក្រោយ ក្មេងស្រីម្នាក់ ដែលមានដើមកំណើតនៅក្នុងខេត្តកំពត អ្នកនាង កាន់ ចន្ថា ទទួលបានជោគជ័យយ៉ាងខ្លាំង នៅក្នុងវិស័យជំនួញ។ ផ្ដើមចេញពីភាពវ័យឆ្លាត ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ក្នុងឆ្នាំ២០១៤ អ្នកនាងប្រឹងរកលុយបណ្ដើរ រៀនបណ្ដើរនៅសកលវិទ្យាល័យចំនួន២ ក្នុងរាជធានីភ្នំពេញ។ អ្នកនាង កាន់ ចន្ថា ហៅ (Pich) ក្លាយជាមនុស្សរឹងមាំ ព្រោះតែជំហរប្រាប់ខ្លួនឯងថា មិនចង់ទទួលជំនួយច្រើនពីគ្រួសារ ហើយផ្ដើមរកលុយពីគំនិតខ្លួនឯង ដោយបាតដៃទទេ។ អ្នកនាងបង្ហើបពីបទពិសោធន៍អតីតរបស់ខ្លួនថា ដំបូងឡើយអ្នកនាង បានផ្តើមលក់សម្លៀកបំពាក់នៅលើអនឡាញ ដោយយកខោអាវពីហាងដែលអ្នកនាងស្គាល់យកមកបង្ហោះលក់ ដែលមានន័យថា ចេញរកស៊ីមិនប្រើដើមទុន។  អ្នកនាង កាន់ ចន្ថា បញ្ជាក់ថា ឱកាសរកលុយនាពេលនោះ កើតឡើងពីការតាំងចិត្តខ្ពស់បំផុត ដោយមិនមែនគ្រាន់តែផុសលក់ហើយក៏មានអ្នកជាវនោះទេ ពោលគឺប្រើយុទ្ធសាស្ត្រ និង ការតាំងចិត្តខ្ពស់។ យ៉ាងណាមិញ អ្នកនាងនៅតែក្លាយជាបុគ្គលជោគជ័យ ដោយចាប់ផ្ដើមជោគជ័យតាំងពីជំហានផុសលក់ខោអាវដោយមិនប្រើទុននោះឯង។

អ្នកនាង កាន់ ចន្ថា ហៅ ពេជ្រ ដែលជាយុវតីពេញដោយភាពក្លាយហានរូបនេះ បានបន្តថា ក្រោយពីចាប់ផ្តើមលក់សម្លៀកបំពាក់នៅលើអនឡាញ និងដោយផ្ទាល់ បានមួយរយៈពេលធំ ក្នុងឆ្នាំ២០១៦ អ្នកនាងក៏បានបែកគំនិតចង់ទៅលក់គ្រឿងសម្អាងវិញម្តង។ ដោយនៅក្នុងឆ្នាំដដែលនោះ អ្នកនាងក៏បានសម្រេចចិត្ត បង្កើតយីហោគ្រឿងសម្អាងមួយ មានឈ្មោះថា Pichy P-White ដែលជាផលិតផលឡេលាបខ្លួនឱ្យស និងស្ប៉ា ជាដើម។ ដោយសារតែគុណភាព និងជំនឿចិត្តពីអតិថិជន តាមរយៈបទពិសោធន៍លក់នៅលើអនឡាញជាច្រើនឆ្នាំនោះ បានធ្វើឱ្យក្មេងស្រីវ័យ ២៥ឆ្នាំខាងលើនេះ ទទួលបានភាពជោគជ័យយ៉ាងខ្លាំងលើវិស័យគ្រឿងសម្អាង រហូតដល់អាចបង្កើតជាក្រុមហ៊ុនល្បីឈ្មោះ PICHY EXPORT IMPORT  CO, LTD ​​និងមានតំណាងចែកចាយតូចធំរាប់ពាន់នាក់ ទូទាំងប្រទេស ជាពិសេស មានការនាំចេញទៅក្រៅប្រទេសថែមទៀតផង។ ដោយប្រទេសទាំងនោះ រួមមានដូចជា អាមេរិក ថៃ កូរ៉េ​ បារាំង និង អូស្រ្តាលី ជាដើម។ 


អ្នកនាង កាន់ ចន្ថាបានសង្កត់ធ្ងន់ថា “ចង់សម្រេចអ្វីមួយ លុះត្រាតែបុគ្គលិលទាំងនោះ ចាំបាច់ត្រូវមានគោលដៅច្បាស់លាស់ ហើយត្រូវដាក់ចិត្តធ្វើឱ្យខ្លាំង កុំខ្លាចហត់ កុំខ្លាចខ្មាសគេឱ្យសោះ។ លើសពីនេះ ត្រូវចេះរៀនសង្កេតមើលអ្នកដែលពូកែៗជាងខ្លួន ហើយត្រូវចាំថា ទោះបីជាយើងគ្មានដើមទុនជាសាច់ប្រាក់ក៏ដោយ ឱ្យតែយើងមានចិត្តស្មោះត្រង់ចំពោះអ្នកដទៃ ជាពិសេសចំពោះអតិថិជន យើងគង់តែជោគជ័យនោះទេ” ។

សូមបញ្ជាក់ថា សព្វថ្ងៃនេះ អ្នកនាង កាន់ ចន្ថា ហៅ Pich ក្រៅពីមានក្រុមហ៊ុនគ្រឿងសម្អាងដ៏ល្បីឈ្មោះ PICHY EXPORT IMPORT CO, LTD ហើយនោះ អ្នកនាងក៏មានអាជីវកម្មជាច្រើនផ្សេងទៀត រួមមានដូចជា សិប្បកម្មផលិតគ្រឿងសង្ហារឹម អាជីវកម្ម ទិញចូល និង ចែកចាយ អង្ករធម្មជាតិ ព្រមទាំងមានភាគហ៊ុននៅក្នុងអាជីវកម្មចំនួនពីរផ្សេងទៀត ផងដែរ ៕