កាលពីថ្ងៃទី ៣ កញ្ញា ឆ្នាំ២០២០ ភាពយន្តរឿង”ម្ចាស់ផ្ទាំងគំនូរ” បានប្រកាសដាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងកុននារាជធានី ដែលទើបបើកទ្វារ។ នេះជាស្នាដៃផលិតរបស់ លោកស្រី ប៉ុល ពិសី ដែលត្រូវបានគេស្គាល់ថាគឺជាអ្នករបាំ និង ជាតារាសម្ដែងកាលពីនៅអំឡុងឆ្នាំ៨០ជាង បន្ទាប់ពីលោកស្រីបាត់មុខអស់យូរឆ្នាំ។
លោកស្រី ប៉ុល ពិសី ម្ចាស់ផលិតកម្មភីភីអេស ថ្លែងថាក្នុងតំណែងជាតួឆ្នាស់ឆ្នើម និង ជាតួលូយឆាយមុនពេលបោះបង់សិល្បៈ លោកស្រីធ្លាប់បានសម្ដែងក្នុងរឿងជាច្រើន ដូចជាក្នុងរឿង”ឧត្តមដួងចិត្ត” រឿង”រាជិនីដួងចិត្ត” និងរឿង”ទឹកភ្នែកជ្រែកបំណង”ជាដើម។ ប៉ុន្តែលោកស្រីបានសម្រេចចិត្តលាឈប់សិល្បៈក្រោយរៀបការ ទើបអ្នកសិល្បៈស្រករក្រោយ និង មហាជនហាក់ភ្លេចឈ្មោះលោកស្រីពីក្នុងភាពយន្ត។ លោកស្រីបានថ្លែងបញ្ជាក់ថា ដោយសារតែការស្រលាញ់ និង ចង់ចូលរួមលើកស្ទួយនៅក្នុងវិស័យភាពយន្តផង ទើបលោកស្រីសម្រេចចិត្តត្រលប់មកវិញ ដោយបានចាប់ដៃជាមួយ លោក ហង្ស វណ្ណារ៉ា ដែលជាអ្នកនិពន្ធ និង ជាផលិតករផលិតភាពយន្តតែម្ដង។ លោកស្រីបានបញ្ជាក់ក្មុងពិធីសម្ពោធរឿង”ម្ចាស់ផ្ទាំងគំនូរ” ដែលជាស្នាដៃដំបូងកាលពីថ្ងៃទី៣ កញ្ញា ឆ្នាំ២០២០ ថា ថ្វីដ្បិតតែលោកស្រីទើបតែបានបោះទុនបើកផលិតកម្មផ្ទាល់ខ្លួនគឺ ផលិតកម្ម ភីភីអេស ប៉ុន្តែផលិតកម្មរបស់លោកផលិតបាន៣រឿងហើយ គឺរឿង”ម្ចាស់ផ្ទាំងគំនូរ”ដែលបានដាក់បញ្ចាំងគ្រប់រោងនៅភ្នំពេញនៅក្នុងពេលនេះ និង២រឿងទៀត ដែលលោកស្រីរង់ចាំតែការរត់ច្បាប់ដើម្បីដាក់បញ្ចាំង។ លោកស្រីថា ការត្រលប់មកកាន់វិថីសិល្បៈនេះ គឺដោយសារតែក្ដីនឹករលឹកការសម្ដែងកាលពីអតីតកាល ហើយដោយសារតែចង់អោយអ្នកធ្លាប់គាំទ្រភាពយន្តក្នុងជំនាន់ឆ្នាំ១៩៨៦ និង៨៧ បានចងចាំ លោកស្រីក៏ចូលរួមសម្ដែងក្នុងរឿង”ម្ចាស់ផ្ទាំងគំនូរ” នេះតែម្ដង ដោយសម្ដែងជាតួដូនចាស់ ដែលជាតួឆ្លងជាតិ។ នេះជាភាពយន្តស្នាដៃដំបូងដែលលោកស្រីបានផលិត និង សម្ដែងជាថ្មីក្រោយបាត់មុខ ដោយលោកស្រីរំពឹងថានឹងទទួលបានជោគជ័យ ដោយសារតែផ្ទៃរឿងទាំងមូល គឺនិយាយពីការចាប់ជាតិ និង ឆ្លងជាតិ ដែលជាសាច់រឿងកំប្លែងស្ងួត និង សិល្ប៍សាស្ត្រប្លែក ហើយចូលរួមសម្ដែងដោយតួយុវវ័យល្បីៗ។ លោកស្រីប្រកាសថា ការចូលរួមផលិតភាពយន្តនៅក្នុងពេលនេះ មិនមែនដើម្បីមានបានទេ តែដើម្បីបន្សល់ស្នាដៃ និង ចង់លើកស្ទួយភាពយន្ត តាមរយៈការផលិតរឿង ហើយផ្ដល់ឱកាសការងារអោយតារាសម្ដែង និង ផលិតករមួយចំនួន។
លោក ហង្ស វណ្ណារ៉ា ជាអ្នកនិពន្ធសាច់រឿង និង ជាអ្នកដឹកនាំសម្ដែង បញ្ជាក់ថា លោកស្រី ប៉ុល ពិសី គឺជាតារាសម្ដែងកាលពីអតីតកាល ដែលបឆនលះបង់ធនធានលើកស្ទួយភាពយន្តនៅក្នុងកាលៈទេសៈកូវីតមិនទាន់ស្ងប់ ហ៊ានចេញផលិតរឿងដោយមិនខ្លាចខាតបង់ធនធាន។ ជាមួយនឹងការត្រលប់នេះហើយ ទើបលោកសម្រេចនិពន្ធរឿងនិយាយពីដូនចាស់ម្នាក់ ហើយដាក់អោយលោកស្រីចូលសម្ដែងតែម្ដង ខណៈដែលលោកប្រកាសថា លោកស្រីនៅតែសម្ដែងសម និងទម្រាំយល់ព្រមសម្ដែងគឺពន្យល់ច្រើន ដោយសារតែលោកស្រីគិតថាក្លាយជាផលិតករហើយ មិនចង់សម្ដែង។ លោកថានេះជាភាពយន្តដែលមានរសជាតិបុរាណផង សម័យផង និងមានតួសម្ដែងរហូតដល់ជាង៥០នាក់ក្នុងរឿងទាំងមូល។
គួរបញ្ជាក់ផងដែរថា ភាពយន្តរឿង”ម្ចាស់ផ្ទាំងគំនូរ”គឺជាស្នាដៃដំបូងរបស់ផលិតកម្ម ភីភីអេស របស់លោកស្រី ប៉ុល ពិសី។ ភាពយន្តនេះ ប្រកាសដាក់បញ្ចាំងគ្រប់រោងចាប់ពីថ្ងៃប្រកាសនេះតទៅ ដោយរោងនៅខេត្តណាដំណើរការ គឺលោកស្រីនឹងដាក់បញ្ចាំង៕