ខណៈតម្រូវការខុនដូ និងផ្ទះសំណាក់នៅព្រះសីហនុកើនឡើង RN VIP ប្រកាសបោះទុនជាង៧លានដុល្លារ

0

កាលពីថ្ងៃទី២៧ កក្កដា ក្រុមហ៊ុនអចលនទ្រព្យធំមួយដែលមានឈ្មោះ ក្រុមហ៊ុនបុរី RN VIP បានសម្រេចបោះទុនរហូតដល់ជាង៧លានដុល្លារ ដើម្បីសាងសង់អគារខុនដូ និងសណ្ឋាគារទំនើបមួយ នៅកណ្ដាលក្រុងព្រះសីហនុ បន្ទាប់ពីកត់សម្គាល់ថាទីរួមខេត្តនេះប្រឈមនឹងកង្វះផ្ទះសំណាក់ សណ្ឋាគារ និងខុនដូសម្រាប់ស្នាក់នៅយ៉ាងគំហ៊ុកនាពេលបច្ចប្បន្ន។ នេះជាការបោះទុនលើគម្រោងសង់អគារខ្ពស់លើកដំបូងរបស់ក្រុមហ៊ុនបុរី RN VIP បន្ទាប់ពីលកន្លងមក គេឃើញវិនិយោគតែលើគម្រោងពុះដីឡូតិ៍លក់ និងសង់បុរីនៅរាជធានីភ្នំពេញ និងជាយក្រុង។

លោក វ៉ន វណ្ណៈ ម្ចាស់ភាគហ៊ុនម្នាក់ក្នុងចំណោមភាគហ៊ុនធំ២នាក់ប្រចាំក្រុមហ៊ុនបានអះអាងថា ហេតុផលដែលក្រុមហ៊ុនបានងាកពីការវិនិយោគលើគម្រោងសង់បុរីនៅរាជធានីភ្នំពេញ ហើយបោះទុនសង់អគារកម្ពស់ខ្ពស់ដើម្បីរំលេចជាសណ្ឋាគារ និងខុនដូរកម្រិតអន្តរជាតិនេះ គឺដោយសារតែលោកមើលឃើញថាសក្កានុពលនៅខេត្តព្រះសីហនុរាល់ថ្ងៃ មានតម្រូវការកន្លែងស្នាក់នៅសម្រាប់ភ្ញៀវស្នាក់នៅដល់ដំណាក់កាលមិនគ្រប់គ្រាន់ ដែលលោកប្រកាសថាបើយកលុយដែលធ្លាប់សង់បុរី និងពុះដីឡូតិ៍ ហើយសង់ជាអគារទំនើបបែបនេះ គឺពិតជាស្របតាមបរិយាស។ លោកថាគម្រោងសង់ខុនដូ និងសណ្ឋាគារបស់ក្រុមហ៊ុន VIP នេះ គ្រាន់តែតែតម្លៃដែលបានទិញនៅចំកណ្ដាលទីប្រជុំដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីរង្វង់មូលតោពីរនេះ គឺមានតម្លៃជាង២លានដុល្លារហើយ ខណៈដែលការសាង់សង់ស្ថិតក្នុងតម្លៃនៃការប៉ាន់ស្មាននៅឡើយ គឺប្រហែលជាអស់ជាង៧លានដុល្លារ សរុបទាំងទិញដី។ លោកបានសម្រេចចិត្តបុកគ្រឹះសាងសង់ចំថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះធំ ដោយសារតែលោកយល់ថាបរិយាកាសនយោបាយនៅក្នុងអណ្ណត្តិនេះ មិនមានអ្វីគួរអោយបារម្ភ និងមិនមានអ្វីដែលក្រុមហ៊ុនរារែកក្នុងការបោះទុន។

លោក ហម រ៉ន ដែលជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន RN VIP មួយរូបទៀត បានថ្លែងដែលថា គម្រោងទាំងមូលនឹងចំណាយការសាងសង់ក្នុងរយៈពេល១៨ខែ ប៉ុន្តែវានឹងអាចរួចរាល់មុនផែនការ ដោយសារតែលោកបានកុងត្រាជាមួយសុទ្ធតែស្ថាបត្យកម្មដែលមានឯកទេសច្បាស់លាស់ទាំងក្នុង និងក្រៅស្រុក ក្នុងការវិនិយោគ។ ក្នុងនោះសូម្បីតែដេគ័រទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ក៏ត្រូវបានបញ្ចូលដោយរចនាបទបែបខ្មែរ និងបែបទាន់សម័យពីបរទេស ដើម្បីអោយមានភាពទាក់ទាញផងដែរ។ លោកថាក្រោយការសាងសង់ក្រុមហ៊ុននឹងទទួលបានអគារមួយដែលមានទាំងភោជនីយដ្ឋាន ខុនដូស្នាក់ និងSky Bar នៅផ្នែកខាងលើកម្ពស់១៧ជាន់ ដោយមានបន្ទប់ស្នាក់នៅប្រហែលជាជាង២០០បន្ទប់។ លោកថានេះគ្រាន់តែជាគម្រោងទី១ប៉ុណ្ណោះ ដោយក្នុងពេលបន្តបន្ទាប់ ក្រុមហ៊ុននឹងបន្តវិនិយោគលើគម្រោងអគារខុនដូ និងសណ្ឋាគារបែបនេះបន្តទៀត ដោយអាចនឹងខេត្តព្រះសីហនុដដែល ក៏នឹងមាននៅខេត្តដែលមានតម្រូវការអគាខុនដូដូចគ្នានេះ។

អ្វីដែលគួរអោយកត់សម្គាល់ លោក ហម រ៉ន និងលោក វ៉ន វណ្ណៈ បានអះអាងថា អគារទាំងមូលក្រោយការសង់រួច និងមិនជួលផ្ដាច់មុខអោយជនបរទេស ដូចគ្នានឹងអគារស្នាដៃរបស់ខេត្តព្រះសីហនុនោះទេ ដោយលោកប្រកាសថានឹងទុកជួលដោយផ្ទាល់អោយពលរដ្ឋខ្មែរ និងភ្ញៀវដែលជួលមកស្នាក់នៅ ដោយមិនផ្ដាច់មុខអោយជនបរទេសនោះទេ៕