យោងតាមព័ត៌មានផ្លូវការ ក្រុមហ៊ុនហង្សម្ចាស់ដី ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងលក់ចម្ការធំៗនៅកម្ពុជា បានប្រកាសថាខ្លួននឹងប្រើផ្លូវច្បាប់ប្ដឹងអតីតអ្នករៀបដីយកមកលក់អោយក្រុមហ៊ុននៅខេត្តពោធិសាត់ ឈ្មោះ ជា គាលី បន្ទាប់ពីអតីតបុគ្គលិករូបនេះបានយកលុយក្រុមហ៊ុនទៅឈរឈ្មោះទិញដីអោយក្រុមហ៊ុនជាច្រើនហិកតារ តែបែរជាដាក់ឈ្មោះខ្លួនឯង ហើយបានប្រើឈ្មោះក្នុងនាមជាម្ចាស់ប្លង់បិទមិនអោយក្រុមហ៊ុនចេញចូល ដើម្បីចង់យកដីនោះលក់។ មានការទម្លាយឯកសារជាច្រើនបង្ហាញពីករណីមិនប្រក្រតី ដែលកើតពីបន្លំដីរបស់ក្រុមហ៊ុនពីសំណាក់ឈ្មោះ ជា គាលី នេះ។
លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី បានទទួលស្គាល់ថា អតីតអ្នករៀបដីអោយលោក ឈ្មោះ ជា គាលី ពិតជាបានបន្លំក្រុមហ៊ុនខណៈដែលក្រុមហ៊ុនផ្ដល់ទំនុកចិត្តក្នុងគម្រោងអោយឈរទិញដីអោយជាច្រើនរយហិកតារកាលពីឆ្នាំ ២០១៨ នៅខេត្តពោធិ៍សាត់ប្រាកដមែន។ លោកថាឈ្មោះ ជា គាលី ឈរទិញដីជាច្រើនប្លង់អោយក្រុមហ៊ុនជាច្រើនប្លង់សុទ្ធតែដាក់ឈ្មោះក្រុមហ៊ុន លើកលែងតែដីប្លង់ខាងមុខ ជាប់ផ្លូវទំហ៊ំ18000 ម៉ែត្រការ៉េ ស្ថិតនៅភូមិក្បាលទាហាន ឃុំឈើគុំ ស្រុកក្រគ ខេត្តពោធិ៍សាត់ ដែលឈ្មោះ ជា គាលី បែរដាក់ឈ្មោះខ្លួនឯង ក្នុងពេលក្រុមហ៊ុនធ្វេសប្រហែសក្នុងការត្រួតពិនិត្យឯកសារ ព្រោះប្លង់ដីដែលទិញពីពលរដ្ឋមានចំនួនច្រើនប្លង់ពេក។ លោកថាមុនពេលបែករឿង ក្រុមហ៊ុនទុកចិត្តអោយឈ្មោះ ជា គាលី នេះ រក្សាទុកប្លង់ និង គ្រប់គ្រងដីនេះទាំងអស់ ប៉ុន្តែកាលពីពេលថ្មីៗ ឈ្មោះនេះបានបណ្ដេញក្រុមការងាររបស់ក្រុមហ៊ុនហង្សម្ចាស់ដី អោយដកស្នាក់ការចេញពីដីដែលខ្លួនលួចដាក់ឈ្មោះខ្លួនឯង ហើយសម្អាងថាខ្លួនជាឈ្មោះម្ចាស់ប្លង់ក៏ប្រកាសជំហរព័ទ្ធយកដីនោះ។ លោកថាក្រុមហ៊ុនទុកឱសានវាទអោយឈ្មោះ ជា គាលី នេះ បើមិនព្រមផ្ទេរឈ្មោះរបស់ខ្លួនមកប្រគល់អោយក្រុមហ៊ុនដូចប្លង់ផ្សេងៗទេ នោះក្រុមហ៊ុននឹងប្ដឹងបុគ្គលនេះ ពីបទបន្លំទ្រព្យក្រុមហ៊ុន និង រំលោភលើសេចក្ដីទុកចិត្តរបស់ក្រុមហ៊ុន ដោយក្រុមហ៊ុនមានឯកសារទាំងអស់បញ្ជាក់ពីការឆ្លងឆ្លើយ និងការវេរលុយអោយឈ្មោះ ជា គាលី ក្នុងការទិញដីទាំងអស់នោះ បូករួមទាំងដីដែលឈ្មោះ ជា គាលី ដាក់ជាកម្មសិទ្ធិរបស់ខ្លួនផង។ លោកថាក្រុមហ៊ុនបានស្នើអោយឈ្មោះនេះ ផ្ទេរដីមកអោយក្រុមហ៊ុនវិញ ប៉ុន្តែឈ្មោះនេះមិនអើរពើ និងថែមទាំងបានប្រកាសអោយក្រុមហ៊ុនឈប់ចេញចូលឆ្លងកាត់លើដីដែលមានឈ្មោះរបស់ខ្លួន ដែលនេះគឺជាករណីដែលក្រុមហ៊ុនទទួលយកមិនបាន។ លោកថាឈ្មោះ ជា គាលី ប្រើវិធីលួចដីក្រុមហ៊ុនចំប្លង់នៅជាប់ផ្លូវដែលជាច្រកចូល ខណៈដែលក្រុមហ៊ុន ក្នុងពេលប្រគល់ភារៈអោយលោកគឺទុកចិត្តដល់ថ្នាក់ទិញដីដាក់ឈ្មោះអ្នកណាៗធ្វើជាម្ចាស់ ក៏ក្រុមហ៊ុនមិនបានត្រួតពិនិត្យច្បាស់លាស់ ព្រោះសម្អាងថាជាបុគ្គលិកដែលក្រុមហ៊ុនទុកចិត្ត។ យ៉ាងពាមិញ លោកហង្ស ព្រីន្សយ៉ា ព្រមានថា លោក ជា គាលី នឹងប្រឈមផ្លូវច្បាប់ បើនៅតែព្រហើនមិនប្រគល់ដីជូនក្រុមហ៊ុនវិញ តាមការទាមទា៕