កាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនសេងហាន ដែលជាក្រុមហ៊ុនអចនទ្រព្យធំមួយ បានប្រកាសបើកគម្រោងពុះដីឡូត៏ទី៥ របស់ខ្លួនយ៉ាងគគ្រឹកគគ្រេងលើផ្ទៃដីប្រមាណ១០ហិកតា នៅភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្ដាល ដោយក្នុងថ្ងៃនោះ ក្រៅពីប្រកាសបើកគម្រោងដីឡូតិ៍ ក៏មានពិធីបុកគ្រឹះបើកគម្រោងសាងសង់ផ្ទះ និងធ្វើពិធីសូត្រមន្តឡើងការិយាល័យទី៧របស់ក្រុមហ៊ុនសេងហានផងដែរ។ នេះគឺជាការប្រកាសបើកគម្រោងពាក់ព័ន្ធនឹងជំនួញដីធ្លីទ្រង់ទ្រាយធំ ស្របពេលដែលមានការលើកឡើងថា ទីផ្សារដីធ្លីហាក់មានភាពចុះខ្សោយ បើធៀបនឹងមុនមានបរិយាកាសនយោបាយកាលពីអំឡុងអុំទូក។
លោក យ៉ន សេងហាន នាយកក្រុមហ៊ុនសេងហាន បានអះអាងថា ស្ថានភាពដីធ្លីនាពេលបច្ចុប្បន្ននៅមិនទាន់មានការប្រែប្រួល ឬ ធ្លាក់ចុះដូចការលើកឡើងនោះទេ គឺនៅតែល្អប្រសើរ បើទោះជារៀងចុះខ្សោយជាងមុនបន្តិច បើធៀបនឹងកាលពីមុនថ្ងៃបុណ្យអុំទូក។ ប៉ុន្តែលោកថាស្ថានភាពដែលបានកើតឡើង មានការប៉ះពាល់តែតំបន់ដែលមិនស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលប៉ុណ្ណោះ។ ដោយឡែកលោកថា សម្រាប់តំបន់ខ្សែក្រវាត់ក្រុង ជាពិសេសគឺតំបន់ផ្លូវជាតិលេខ៥១ ជិតផ្សារថ្នល់ទទឹង ដែលមានការអភិវឌ្ឍន៍ខ្លាំង គឺមានតែកើនសន្ទុះជាងមុន។ ជាក់ស្ដែង នៅជុំវិញតំបន់ដែលលោកប្រកាសបើកគម្រោងលក់ដីឡូតិ៍នេះ សុទ្ធតែជាទីតាំងដែលតម្រូវអោយបណ្ដារោងចក្រលើកពីភ្នំពេញមកតាំងនៅទីនេះទាំងអស់ ទើបលោកសម្រេចបើកគម្រោងផ្លូវការ។ លោកថាស្ថានភាពដីធ្លីនៅតែមានភាពល្អប្រសើរយ៉ាងហោច៣ឆ្នាំទៅមុខ ហើយសម្រាប់តំបន់ដែលមានការអភិវឌ្ឍន៍ គឺនឹងឡើងសន្ទុះគ្មានការជាបើគាំងនោះទេ។ ជាក់ស្ដែង ដូចគម្រោងដែលលោកទើបបើកសម្ពោធ គឺគ្រាន់តែបោះទុនសាងសង់ជាផ្ទះជួល សម្រាប់ជួលអោយក្រុមអ្នកធ្វើការរោងចក្រនៅពេលរោងចក្រច្រើនឡើងលើកមកកាន់តំបន់ផ្លូវជាតិលេខ៥១ដែលជាជាយក្រុងនេះ ក៏រកចំណូលបានដែរ។ អ៊ីចឹងហើយទើបក្រៅពីបើកគម្រោងលក់ដីឡូតិ៍ និង សង់ផ្ទះល្វែង លោកក៏សង់បន្ទប់ជួលផងដែរ ដើម្បីត្រៀមទុក។
លោក យ៉ន សេងហាន បន្តថា ទីតាំងក្នុងគម្រោងពុះឡូតិ៍ទី៥ និងសម្ពោធការិយាល័យទី៧របស់ក្រុុមហ៊ុនសេងហាននេះ មានដីឡូតិ៍តម្លៃពី១២០០០ឡើងទៅ និងមានផ្ទះសម្រាប់រកស៊ីជាប់ផ្លូវរដ្ឋ ដែលមានតម្លៃចាប់ពី៤៩០០០ឡើងទៅ។ លោកថាទីតាំងស្រុកអង្គស្នួលជាប់ផ្លូវជាតិលេខ៥១ នេះ គឺជាតំបន់ដែលមានសក្កានុពលខ្លាំងបំផុត ដោយសារតែជាតំបន់រោងចក្រចូលមកវិនិយោគកាន់តែមានសក្កានុពល។ លោកទទូចអោយអ្នកចង់បោះទុនចង់ទិញដីទុកចំណេញ ត្រូវតែចេះមើលពីសន្ទុះពីការអភិវឌ្ឍន៍អោយបានជាមុន ដោយមិនចេះតែឃើញគម្រោងពុះឡូតិ៍ហើយទិញកប់ចោលនោះទេ៕