ក្ដៅៗ ហែម ដារិទ្ធិ ព្រមានអ្នកយកចិញ្ចើមផ្លូវ ធ្វើកម្មសិទ្ធិ

0

ក្នុងពិធីប្រគល់វិញ្ញាបនបត្រអចលនទ្រព្យ ឬ ប្លង់កម្មសិទ្ធិ ប្រមាណជាង៣ពាន់ប័ណ្ណ នៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ កាលពីរសៀលថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៩ លោក ហែម ដារិទ្ធិ គណអភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសមិនអោយពលរដ្ឋ យកចិញ្ចើមផ្លូវធ្វើអាជីវកម្មជាដាច់ខាត។ លោកនឹងដាក់វិធានការ ដើម្បីធ្វើអោយចិញ្ចើមផ្លូវ ក្នុងខណ្ឌទាំងមូលមានសណ្ដាប់ធ្នាប់ផង។

លោក ហែម ដារិទ្ធិ ប្រកាសថា លោកមិនគាំទ្រដាច់ខាតចំពោះការយកចិញ្ចើមផ្លូវ ធ្វើជាកន្លែងលក់ដូរ ដែលបណ្ដាលអោយផ្លូវកាន់តែរួមតូច ជាពិសេសនៅក្នុងតំបន់ដែលមានផ្សារ។ លោកទទូចអោយមន្ត្រីក្រោមឱវាទជូនដំណឹងលើករណីនេះដល់ពលរដ្ឋ ហើយប្រសិនបើម្ចាស់ផ្ទះជាប់ចិញ្ចើមផ្លូវរូបណា មិនព្រមដកតុកៅអី និងសម្ភារៈលក់ដូរនៅលើចិញ្ចើមផ្លូវទេ គឺលោកព្រមាននឹងដាក់កម្លាំងមកលើកចេញតែម្ដង ដើម្បីរក្សាសណ្ដាប់ធ្នាប់លើដងផ្លូវ។

លោក ហែម ដារិទ្ធិ បន្តថាអ្នកយកចិញ្ចើមផ្លូវរកស៊ី គឺស្មើនឹងបង្ខំអោយអ្នកថ្មើជើងត្រូវធ្វើដំណើរលើទ្រូងថ្នល់ជាជំនួស ហើយប្រសិនបើអ្នកថ្មើជើងមានគ្រោះថ្នាក់ នោះម្ចាស់ផ្ទះដែលដាក់ឥវ៉ាន់ព័ទ្ធយកចិញ្ចើមផ្លូវធ្វើកម្មសិទ្ធិ ក៏មានទោសដែរ។ លោកក៏ទទូចអោយពលរដ្ឋទាំងអស់ត្រូវតែទៅទទួលសេវាពីច្រកចេញចូលតែមួយ ដែលខណ្ឌបានរៀបចំសម្រួលដល់ពលរដ្ឋ ដែលកាន់តែងាយស្រួលនោះសម្រាប់ពលរដ្ឋផងដែរ។ លោកក៏បានប្រកាសថា នៅតាមបណ្ដោយផ្លូវជាតិលេខ៣ នឹងមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនកើតឡើង ដោយបងប្អូនដែលទិញដីនៅក្នុងបណ្ដោយផ្លូវនោះទុក គឺដឹងតែមិនខុសទេ។

ក្នុងពិធីនោះ លោកក៏ទទូចអោយពលរដ្ឋចូលរួមហូបអំបុកអោយបានគ្រប់ៗគ្នា នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ផងដែរ។