ខណៈដែលអ្នកខ្លះត្អូញត្អែរពីការលក់គម្រោងដីឡូតិ៍ មិនបានលឿនដូចមុន លោក យ៉ន សេងហាន អគ្គនាយកក្រុមហ៑ុនសេងហាន ដែលជាអ្នកជំនួញដីធ្លីធំមួយ បានអះអាងថា គម្រោងពុះឡូតិ៍របស់ខ្លួននៅតែមានសន្ទុះ។ លោកថាគិតត្រឹមថ្ងៃសម្ពោធកាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៩ គម្រោងទី៦របស់ខ្លួនលក់អស់ជាង៧០ភាគរយទៅហើយ ដែលមានន័យថា គម្រោងរបស់ក្រុមហ៑ុននៅម្តុំផ្លូវជាតិលេខ៥១ ខាងក្រោយផ្សារបាត់ដឹង ក្នុងខេត្តកំពង់ស្ពឺ នៅតែមានសន្ទុះ បើទោះជាតំបន់ផ្សេងចាប់ផ្ដើមស្ទក់។
អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យកំពុងជោគជ័យរូបនេះ បញ្ជាក់ថាសម្រាប់តំបន់ខ្លះលោកទទួលស្គាល់ថា ក្រោយបើកគម្រោងពុះឡូតិ៍គឺចាប់ផ្ដើមពិបាក ប៉ុន្តែរាល់គម្រោងក្នុងតំបន់ផ្លូវជាតិលេខ៥១ លោកនៅតែមើលឃើញថាមានសន្ទុះខ្លាំង។ ជាក់ស្ដែងគម្រោងទី៦របស់ក្រុមហ៑ុនសេងហាន ដែលទើបតែក្រុងពាលីកាលពីព្រឹកថ្ងៃទី១ កញ្ញា ឆ្នាំ២០១៩ ស្ថិតនៅទល់មុខវត្តអង្គព្រលឹង ខាងក្រោយផ្សារបាត់ដឹងមុននេះ គឺក្នុងចំនួនឡូតិ៍ជិត២ពាន់ឡូតិ៍ ដាច់អស់ជាង៧០ភាគរយហើយលើទំហំដី៣០ហិកតារ។ ក្នុងនោះត្រឹមតែ១ថ្ងៃបើកសម្ពោធ អតិថិជនទិញដល់ជិត២០០ឡូតិ៍ ក្នុងចំណោមអ្នកអញ្ជើញចូលរួមជិត១៥០០នាក់។
លោក យ៉ន សេងហាន បង្ហើបថា ក្រៅពីសម្អាងថាត្រូវតែជាតំបន់ក្នុងទីតាំងសក្កានុពលផ្នែកអភិវឌ្ឍន៍ ក៍ត្រូវមានយុទ្ធសាស្ត្ត្រផ្សេងទៀតផងដែរ ដូចជាត្រូវមានក្រុមផ្នែកលក់ច្បាស់លាស់ ត្រូវតែសាងទំនុកចិត្តដោយមិនលក់ដីដែលមានចម្រូងចម្រាស់ ឬគ្មានប្លង់កម្មសិទ្ធិ ជាតំបន់ជិតសាលារៀន មន្ទីរពេទ្យ គម្រោងរោងចក្រ និងមិនឆ្ងាយពីទីប្រជុំជនផងដែរ។ អុីចឹងហើយ ទើបគម្រោងទី៦របស់ក្រុមហ៑ុនសេងហាន គ្រាន់តែបើកប្រកាសភ្លាមអស់ជាង៧០ភាគរយភ្លាម ស្របគ្នាដែលក្រុមហ៑ុនក៏ផ្ដល់សន្លឹកឆ្នោតចាប់រង្វាន់ធំៗ អមដោយការបញ្ចុះតម្លៃ និងផ្ដល់លក្ខណ្ឌបង់រំលោះងាយស្រួល។ លោកនៅតែយល់ថា ទីតាំងក្នុងខេត្តកំពង់ស្ពឺនៅជុំវិញផ្លូវ៥១ ល្អសម្រាប់គម្រោងពុះឡូតិ៍ ដោយក្នុងគម្រោងទី៦នៅវត្តអង្គព្រលឹង ក្រោយផ្សារបាត់ដឹងនេះ កក៏មានគម្រោងសួន សាងសង់ជាផ្សារធំមួយ ដែលជំរុញឲ្យលោកនឹងពង្រីកផ្ទៃដីក្នុងពេលខាងមុខផង។