ទីបំផុតកម្ពុជា មានសំលៀកបំពាក់ ម៉ាកជាអក្សរខ្មែរ​ វាយលុកទីផ្សារជប៉ុន

0

តាមការតាំងពិពណ៌ ម្ហូបអាហារ សិល្បៈវប្បធម៌ និងផលិតផលខ្មែរ​ ដែលរៀបចំឡេីងដោយសមាគមរួបរួមពលរដ្ឋកម្ពុជា​ ជប៉ុន​ រយះពេលពី៣ថ្ងៃនៅខេត្តគីហ្វឹក ប្រទេសជប៉ុន ដែលបើកសម្ពោធកាលពីថ្ងៃទី១២ សីហា គេឃើញមានការបង្ហាញសំលៀកបំពាក់ថ្មីមួយដែលមានស្លាកយីហោជាភាសាខ្មែរ ​ ដែលម៉ាកយីហោនេះ គឺជាលើកដំបូងដែលនៅប្រទេសជប៉ុនមានឈុតសំលៀកបំពាក់ជាម៉ាកអក្សរខ្មែរ។ នៅក្នុងពិធីនោះ ក៍មានវត្តមានឯកឧត្តមសេនីយ៍ឯក ប៊ុត​ សុភាព​ និងលោកជំទាវ និង ឯកឧត្តម​​ អ៉ឹង​ រចនា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា​ ប្រចាំប្រទេសជប៉ុន និងប្រតិភូ​អមដំណេីរ ព្រមទាំង ភ្ញៀវជាតិ​​ និងអន្តរជាតិ​​ មានវត្តមានក្នុងពិធីនេះ​។

ឈុតសំលៀកបំពាក់ដែលបានដាក់បង្ហាញជាសាធារណៈនៅក្នុងពិពរ័ណ៌នេះ មានម៉ាកយីហោ”HV ហាវៃ” ដោយ លោក ស៊ុន​ ហាវៃ​ គឺជាអ្នកបង្កើតម៉ាកយីហោនេះ ដើម្បីវាយលុកទីផ្សារនៅក្នុងប្រទេសជប៉ុន។

លោក ស៊ុន ហាវៃ ម្ចាស់ហាងលក់សំលៀកបំពាក់ HV ហាវៃ ស្ថិតនៅប្រទេសជប៉ុន បានអះអាងថា ដោយសារតែលោក ស្រឡាញ់ និងចង់ផ្សព្វផ្សាយពីកម្ពុជាឲ្យពិភពលោកបានដឹងកាន់តែច្រើនពីកម្ពុជា ទើបលោកសម្រេចបើកហាងលក់សំលៀកបំពាក់ ហើយបានបង្កើតម៉ាកសំលៀកបំពាក់ជាអក្សរខ្មែរ ដើម្បីអោយពិភពលោកកាន់តែស្គាល់ពីសំលៀកបំពាក់ដែលជាយីហោរបស់ខ្មែរ។ លោកថាខ្លួនបានចំណាយពេល ជាយូមកហើយទម្រាំសម្រេចក្តីស្រមៃមួយនេះ ដោយការបង្កើតម៉ាក “HV ហាវៃ” លើសំលៀកបំពាក់នៅក្នុងប្រទេសជប៉ុនគឺមិនមែនជារឿងងាយស្រួល ជាពិសេសក្នុងការវាយលុកទីផ្សារនៅក្នុងប្រទេសទំនើបបែបនេះ។ លោក ស៊ុន ហាវៃ​ បន្តថាខ្លួនមិនត្រឹមតែបង្កើតម៉ាកជាអក្សរខ្មែរលើសំលៀកបំពាក់ប៉ុណ្ណោះទេ តែក៏គ្រោងពង្រីកទីផ្សារចែកចាយម៉ាកសំលៀកបំពាក់នេះ ដោយនឹងធ្វើការនាំចេញផងដែរ។ លោក​​ទទូចឲ្យបងប្អូន ជាពិសេសមិត្តយុវវ័យជួយគាំទ្រ ផលិតផលសម្លៀកបំពាក់ដែលមានម៉ាកយីហោខ្មែរមួយនេះ ជាពិសេសនៅក្នុងប្រទេសជប៉ុន ដោយលោកប្រកាសថាសម្រាប់បងប្អូនជាអាជីវករ ដែលចង់លក់បន្តបោះដុំ​ និងលក់រាយ គឺលោកនឹងសហការពេញទំហឹង។

នៅក្នុងពិធីនោះ ម៉ាកសំលៀកបំពាក់ HV ហាវៃ ក៏ត្រូវបានយុវវ័យ និង តារាសិល្បៈមួយចំនួនស្លៀកបង្ហាញផងដែរ ខណៈដែលសំលៀកបំពាក់ម៉ាកនេះ ក៏មើលទៅស្រស់ស្អាត និងទាក់ទាញមិនចាញ់សំលៀកបំពាក់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសជប៉ុនផងដែរ។