មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីប្រកាសវិនិយោគលើគម្រោងដាំដើមគ្រញូងជាចម្ការធំៗ មិនធ្លាប់មានហើយ ស្រាប់តែក្រុមហ៑ុនហង្សម្ចាស់ដី ដែលបានប្រកាសគម្រោងឋានព្រះឥន្ទ ប្រកាសនាំចូលពូជទុរេនដ៏ល្បី និងពេញនិយមនៅក្នុងទីផ្សារនៃប្រទេសម៉ាឡេស៊ី មានឈ្មោះថា «ម៉ូសាងឃីង» មកដាំក្នុងគម្រោងបង្កើតចម្ការធុរ៉េនរបស់ខ្លួនថែមទៀត។ វត្តមានរបស់ពូជធុរ៉េនដ៏ល្បី កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកវិនិយោគ ជាពិសេសក្រុមម្ចាស់ចម្ការដែលបានវិនិយោគទិញចម្ការធុរ៉េន ពីគម្រោងឋានព្រះឥន្ទ។
លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៑ុនហង្សម្ចាស់ដី បានថ្លែងប្រាប់ថា សម្រាប់ចម្ការធុរ៉េនដែលគម្រោង”ឋានព្រះឥន្ទ”ប្រកាសលក់ លោកនឹងជ្រើសយកពូជធុរ៉េន«ម៉ូសាងឃីង» ដែលជាពូជដ៏ល្បីរបស់ពិភពប្រចាំនៅក្នុងប្រទេសម៉ាឡេសុី។ ជាជំហានដំបូងក្រុមហ៑ុននឹងនាំពូជធុរ៉េននេះ១លានដើម ដោយក្រុមការងារកំពុងចាប់ផ្ដើមដាំដុះ ដើម្បីឲ្យចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ខែសីហា២០២០ នឹងមានចម្ការធុរ៉េនទ្រង់ទ្រាយធំធំៗ។ មូលហេតុដែលក្រុមហ៊ុនដីចំការរបស់លោក នាំចូលនូវពូជផ្លែទុរេន ពីប្រទេសម៉ាឡេស៊ីដ៏ល្បីនៅក្នុងពេលនេះ ក៏ព្រោះតែចង់ឲ្យប្រទេសកម្ពុជា មានទីផ្សារផ្លែទុរេន ដែលមានរសជាតិឆ្ងាញ់ និង តម្លៃខ្ពស់ ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុ និងក្រៅស្រុក។ ក្រុមហ៑ុនទាំងមូល កំពុងដំណើរការដាំដុះនៅខេត្តមណ្ឌលគិរី ព្រោះតែខេត្តរបស់កម្ពុជាមួយនេះ មានតំបន់ភ្នំ មានទឹកភ្លៀងហូរមកពីតំបន់ភ្នំ និងមានអាកាសធាតុ ស្រដៀងនឹងប្រទេសម៉ាឡេស៊ី ខណៈដែលក្រុមហ៊ុនក៏មានអ្នកជំនាញពីប្រទេសម៉ាឡេស៊ី មកពិនិត្យរួចរាល់។ ពូជធុរ៉េននេះ ក៏នឹងកំណត់ដាំដុះនៅខេត្តកំពត បាត់ដំបង ខេត្តពោធិសាត់ (ស្រុកក្រវ៉ាញ) និងខេត្តសៀមរាប ដោយអ្នកជំនាញកំពុងតែសិក្សាពីសណ្ឋានដី និងអាកាសធាតុផងដែរ។
លោក ហង្ស ព្រីន្សយ៉ា បន្តថារយៈពេល៥ឆ្នាំ ឬ៦ឆ្នាំខាងមុខ កម្ពុជានឹងមានពូជធុរ៉េនម៉ូសាងយីង ផ្គត់ផ្គង់ក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេស ដោយលោកប្រកាសថាអតិថិជនដែលវិនិយោគទិញចម្ការធុរ៉េនពីគម្រោង«ឋានព្រះឥន្ទ» នឹងទទួលពូជធុរ៉េនដ៏ល្បីរបស់ម៉ាឡេសុី ដែលនឹងទទួលចំណូលបានខ្ពស់នៅពេលលក់ផល។ ធុរ៉េននេះក៍មិនខ្វះទីផ្សារនាំចេញទៅ ចិន ម៉ាកាវ និងសាំងហ្គាពួ ផងដែរ ដោយសារជាពូជល្បី ហើយមានតម្រូវការខ្ពស់។
សូមបញ្ជាក់ថា ក្រុមហ៊ុនហង្សម្ចាស់ដី បានបោះទុនវិនិយោគប្រមូលទិញដីទុកចោល របស់ពលរដ្ឋរាប់ម៉ឺនហិកតា នៅខេត្តកំពត ខេត្តពោធិ៍សាត់ បាត់ដំបង ខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ដើម្បីវិនិយោគដាំដុះជាចំការទុរេន ជាចំការដូងក្រអូប ជាចំការប័រ ជាចម្ការក្រញូង និងជាចំការក្រូចជាដើម ដោយក្រុមហ៊ុន បានទាំងប្រើយុទ្ធសាស្ត្រ ពុះចម្ការទាំងនោះជាកន្លះហិកតារ និងមួយហិកតារ ហើយលក់បង់រំលោះ ឬ បង់ផ្ដាច់ តែកំណត់ថែទាំផលដំណាំតាំងពីដាំដុះ រហូតដល់បានផល និងទទួលទិញផលវិញ ប្រសិនបើម្ចាស់ចម្ការនីមួយៗមិនចង់ស្វែងរកទីផ្សារផ្ទាល់ខ្លួន។ នេះជាគម្រោងវិនិយោគលើវិស័យកសិកម្មទ្រង់ទ្រាយធំមិនធ្លាប់មាន ដែលអ្នកសេដ្ឋកិច្ចមើលឃើញថា នៅ៥ទៅ៦ឆ្នាំក្រោយ កម្ពុជានឹងមានចម្ការដំណាំធំៗលើបណ្ដាខេត្តដែលបានប្រកាស ជំនួសឲ្យការទុកដីទំនេរចោលមិនធ្វើកសិកម្មកន្លងមក៕