ថវិកាប្រមាណជាង២ម៉ឺនដុល្លា គ្រោងប្រគល់ជូនគន្ធបុប្ផា តាមរយៈសិក្ខាសាលា អាជីវកម្ម

0

អ្នកជំនួញក្នុងស្រុក និងក្រៅស្រុកបានរៀបចំសិក្ខាសាលាចែក រំលែកពីគំនិតធ្វើ អាជីវកម្មអោយបានជោគជ័យមួយ ក្រោមប្រធានបទ”អាថ៌កំបាំង ដើម្បីអោយក្តីសុបិន្ត ក្លាយជាការពិត” ដោយប្រើវគ្គបណ្តុះបណ្តាលនោះ ធ្វើឡើងដើម្បីប្រមូលមូលនិធិជួយដល់មន្ទីពេទ្យគន្ធបុប្ផា ។

យោងតាមវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃ ដោយស្ថាប័នបណ្តុះបណ្តាល Success Acadamy ដែលបានរៀបចំសិក្ខាសាលា”អាថ៌កំបាំងដើម្បីអោយក្តីសុបិន្តក្លាយជាការពិត” ដោយ ប្រើប្រាស់វគ្គបណ្តុះបណ្តាលNLP គឺចំនូលដែលបានពីសិក្ខាកាមប្រមាណជាង២ម៉ឺនដុល្លានៅក្នុងសិក្ខាសាលានេះ នឹងត្រូវយកទៅបរិច្ចាគជួយដល់មន្ទីពេទ្យគន្ធបុប្ផា ដើម្បីជាប្រយោជន៍ដល់កុមារកម្ពជា។

លោក នួន អក អគ្គនាយកស្ថាប័នបណ្តុះបណ្តាល Success Acadamy បាន បញ្ជាក់ថា NLP គឺជាពាក្យកាត់ភាសាអង់គ្លេស ដោយមានន័យថា ជាការសិក្សា អំពីខ្លួនឯង សិក្សាអំពីផ្លូវចិត្ត ដើម្បីផ្លាស់ប្តូរជីវិតខ្លួនឯង។ លោកថា យុវជនកម្ពុជា ភាគតិច ដែលបានយល់ពីខ្លួនឯង ស្គាល់ច្បាស់ពីខ្លួនឯង ហើយពេលខ្លះពួកគេ មិនហ៊ានផ្លាស់ប្តូរ ខ្លួនឯង នោះផង។ អុីចឹងហើយទើបសិក្ខាសាលា នេះបានជួយដល់ប្រជាជនកម្ពុជាបានយល់ដឹង ពីរបៀបរបបនៃការធ្វើអាជីវកម្ម ដើម្បីអោយសម្រេចគោលដៅត្រឹមត្រូវលើការងារជំនួញណាមួយ។ លោកថានេះមិនមែនជាលើកទី១នោះទេដែល Success Acadamy បានរៀបចំ សិក្ខាសាលាបែបនេះ ហើយកន្លងមក តាមរយៈការចែករំលែកផ្នត់គំនិត អាជីវកម្មក៏បានធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួន ដែលទទួលបានការបណ្ដុះបណ្ដាល បានធូរធារមួយកម្រិតផងដែរ។

សូមបញ្ជាក់ថា សិក្ខាសាលាបែបនេះភាគច្រើន គេធ្វើនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ ដូចជាសហរដ្ឋអាមេរិក សឹង្ហបុរី ម៉ាឡេស៊ី និងប្រទេសថៃជាដើម។សិក្ខាសាលា នេះ មានការ ចូលរួមពីសិក្ខាកាមប្រមាណជាង២៥០០នាក់ ដោយទទួលបានថវិកាប្រមាណជាង២មុឺនដុល្លារ ដែលអ្នកដឹកនាំកម្មវិធីសម្រេចយកទៅប្រគល់ជូនគន្ធបុប្ផាក្នុងពេលខាងមុខ។ សិក្ខាសាលានេះ ក៍មានវាគ្មិនមានទាំងជនជាតិខ្មែរ ម៉ាឡេស៊ី និងហូឡង់ចូលរួមផងដែរ ៕