អភិបាលខេត្តព្រះវិហារ និងសប្បុរសជនចែកអំណោយជូនសហគមក្រីក្រ

0

កាលពីថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំ សប្បុរសជាច្រើនរូបមកពីសមាគមដានីយ៉ែល ដើម្បីផ្ដល់អំណោយសប្បុរសជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារ និងសិស្សានុសិស្ស១០០០នាក់មកពីឃុំចំនួន៦ ក្នុងខេត្តព្រះវិហារ។ ពីធីចែកអំណោយនេះ ប្រព្រឹត្តទៅ ក្នុងបរិវេណសាលាឆទានភូមិគោក ក្រោយសាលាស្រុកជ័យសែន ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

លោក រស់ ហេង អភិបាលស្រុកសែនជ័យ បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាថ្ងៃនេះ មានចំនួនសរុប ៦០០គ្រួសារ មកពីឃុំចំនួន ៦ នៃស្រុកសែនជ័យ និងមានសិស្សានុសិស្សសរុបចំនួន១០០០នាក់ មកពីសាលាចំនួន ៦ ក្នុងស្រុកនេះ គឺ វិទ្យាល័យជ័យសែ អនុវិទ្យា,វិទ្យាល័យជ័យសែន,អនុវិទ្យាល័យទួលស្រែឈូក,បឋមសិក្សាគោកត្នោត,បឋមសិក្សាស្អាង និង បឋមសិក្សាទួលឈូក។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ថ្លែងអំណរគុណ ដល់លោក ឌីម សួនណាត និងលោកស្រី ម៉ក់ សុភ័ក្រ អគ្គនាយកក្រុមហ៊ុនអ៉ីណារីតា ឌីវីឡុបមិន និងជាប្រធានសមាគមដានីយ៉ែល ដែលបាននាំយកអំណោយសប្បុរសមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនាពេល នេះ ដែលនេះជាការកាយវិការសប្បុរសគំរូក្នុងសង្គម និងបានរួមចំណែកជាមួយរាជរដ្ឋាបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងអនុវត្តទៅតាមវប្បធម៌ចែករំលែករបស់សម្តេចតេជោហ៊ុនសែន។
អភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពនៅក្នុងកំលុងពេលដែលអាកាសធាតុឡើងកម្តៅខ្លាំងនិងរាយការណ៏មកអាជ្ញាធរមូលដ្ឋានបន្ទាន់ក្នុងករណីជួបប្រទះបញ្ហាខ្វះខាតទឹកប្រើប្រាស់។

អគ្គនាយកក្រុមហ៊ុន ENARITA DEVELOPMENT CO.,LTD ដែលជាក្រុមហ៊ុនវិនិយោគទៅលើវិស័យអចលន:ទ្រព្យ និងជាប្រធានសមាគមដានីយ៉ែល លោកឌីម សួនណាត និងភរិយា លោកស្រី ម៉ក់ សុភ័ក្រ បានបញ្ជាក់នៅក្នុងឱកាសនោះថា អំណោយដែលនាំមកប្រគល់ជូនបងប្អូននាថ្ងៃនេះ សរុបជាថវិការប្រមាណជាង២ម៉ឺនដុល្លាសហរដ្ឋអាមេរិក ហើយដែលបានមកពីបរិច្ចាគរបស់បុគ្គលិកនៅក្នុងក្រុមហ៊ុនអ៉ីណារីតា ឌីវីឡុបមិនមួយភាគ ហើយមួយភាគធំទៀតគឺជាថវិការផ្ទាល់ខ្លួនរបស់លោកនិងក្រុមគ្រួសារ ក្នុងគោលបំណង សម្រាលទុក្ខលំបាកនិងការខ្វះខាតរបស់បងប្អូនក្នុងនាមជាខ្មែរដូចគ្នា នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មៃរដែលនឹងឈានចូលមកដល់នាពេលខាងមុខ៕