ខេត្តកណ្តាល ៖ យោងតាមព័ត៍មានកំពុងបែកធ្លាយ បានអះអាងថា លោកស្រេង សុខា ដែលជាស្នងការរងខេត្តកណ្តាល កំពុងត្រូវបានប្រជាជនរស់នៅអមសងខាងផ្លូវលំមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង២ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាល បានសង់ផ្ទះរំលោភលើផ្លូវសាធារណៈ។ ប្រជាពលរដ្ឋ បានផ្តិតមេដៃដាក់ពាក្យបណ្តឹង តាមរយៈលោកមេភូមិសំរោង២ ឃុំតាខ្មៅ តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយពាក្យបណ្តឹងក៏បានបញ្ជួនទៅប្រធានមន្ទីរៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ផងដែរ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៩ តែនៅមិនទាន់ដោះស្រាយ។
ក្នុងលិខិតដែលចុះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ បានរៀបរាប់ឈ្មោះដើមបណ្តឹងដូចជា ឈ្មោះ សាង ហេង, ម៉ៅ សុភាព, ស៊ុន វឌ្ឍា, អេង ហៀង, រៀម សេងឡាង, សួរ ចំរើន, គឹម សុខជា, លី វ៉ានសុវណ្ណា, ច្រាំ សុភាព, កេត ហេង, ហ៊ឹម ជា, កៅ រិន លន់ សៀង អេង, គួច ខេវិន និងស៊ាង សៀមលី ដែលអ្នកផ្ដិតមេដាយនេះ សុទ្ធតែជាប្រជាជនរស់នៅអមសងខាងផ្លូវ បានផ្ដិតមេដាតប្តឹងលោកស្រេង សុខា ស្នងការរងនៃស្នងការដ្ឋាន នរគរបាលខេត្តកណ្តាល ជុំវិញករណីរំលោភលើផ្លូវសាធារណៈនេះ។ ពាក្យបណ្តឹងនេះ ត្រូវបានអាជ្ញាធរចុះទៅត្រួតពិនិត្យ និងឱ្យឈ្មោះ ស្រេង សុខា ផ្អាកការសាងសង់សំណង់រឹងនោះ ហើយតែលោកស្នងការរង ដែលសាងសង់ផ្ទះជួលមិនបានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវនោះ មិនព្រមអនុត្តន៍តាមមន្ត្រីជំនាញឡើយ។
លោក វណ្ណា មេភូមិព្រែកសំរោង២ ឃុំតាខ្មៅ ស្រុកតាខ្មៅ បានឱ្យដឹងថា លោកស្រេង សុខា ពិតជាបានសាងសង់សំណង់ (ផ្ទះ) ប៉ះចិញ្ចើមផ្លូវសាធារណៈមែន ហើយគាត់មិនបាន សុំច្បាប់ពីអាជ្ញាធរឡើយ ប៉ុន្តែ លោកគ្រាន់តែជាមេភូមិតូចតាច មិនហ៊ានណែនាំលោកសុខា ដែលជាមន្ត្រីមានអំណាចរូបនេះឡើយ។ លោក វណ្ណា អះអាងថា “គាត់ (ស្រេង សុខា) សង់ផ្ទះហ្នឹងនៅលើចិញ្ចើមផ្លូវមែន អុីចឹងហើយ បានជាប្រជាពលរដ្ឋរស់នៅតាមផ្លូវហ្នឹង មិនសុខចិត្ត បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ ហើយឮថា អាជ្ញាធរឱ្យគាត់ផ្អាកសាងសង់ទៀត តែគាត់មិនស្តាប់ទេ។ ចំពោះខ្ញុំវិញ ក៏មិនដែលបានជួបលោកស្រេង សុខា ផ្ទាល់ដែរ ព្រោះយើងតូចតាច មិនហ៊ានទៅណែនាំជាមួយគេអ្នកធំ អ្នកមានអំណាចខ្លាំងអ៊ីចឹងទេ”។
អ្នកយកព័ត៌មានយើងបានព្យាយាមទាក់ទងមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ហើយត្រូវបានប្រភពនោះអះអាងថា មន្ត្រីជំនាញបានចេញលិខិតបញ្ឈប់ការសាងសង់ហើយ តែម្ចាស់សំណង់ (ស្រេង សុខា) មិនបញ្ឈប់ឡើយ ហើយមន្ត្រីនោះបានរុញឱ្យទៅសួរនៅក្រុងវិញ។
ដោយឡែក លោកស្រេង សុខា ស្នងការរងនៃស្នងការដ្ឋាននរគបាលខេត្តកណ្តាល បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា លោកពិតជាបានសាងសង់ឃ្លាំងនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រាកដមែន តែលោកមិនបានដឹងថា មានប្រជាជនប្រតិកម្មប្តឹងលោកបែបនេះឡើយ ព្រោះមិនដែលឃើញពាក្យបណ្តឹង។ លោកស្រេង សុខា បញ្ជាក់ថា “ខ្ញុំសង់ហ្នឹង គឺធ្វើឃ្លាំងដាក់អីវ៉ាន់ មិនមែនធ្វើផ្ទះទេ។ ខ្ញុំមិនដែលឮថា មានប្រជាជននៅហ្នឹងប្តឹងខ្ញុំទេ ព្រោះខ្ញុំអត់ដែលឃើញពាក្យបណ្តឹងហ្នឹងសោះ។ ការសង់ឃ្លាំងហ្នឹងខ្ញុំ មានបានរំលោភបំពានលើផ្លូវសាធារណៈឯណា អត់មានរឿងអ៊ីចឹងទេ។ ចំពោះរឿងថា ខាងមន្ត្រីជំនាញឱ្យខ្ញុំបញ្ឈប់ការសាងសង់ហ្នឹង ក៏ខ្ញុំមិនដែលដឹងដែរ ខ្ញុំអត់ដឹងរឿងហ្នឹងទេ។ បើមានពាក្យបណ្តឹងពីប្រជាជននៅហ្នឹង សូមយកមកបង្ហាញខ្ញុំឱ្យបានឃើញផង”។ ថ្វីត្បិតតែលោកស្រេង សុខា ព្យាយាមប្រកែកថា មិនដឹងរឿងប្រជាជនប្តឹងលោករឿងសាងសង់ឃ្លាំងរំលោភលើផ្លូវសាធារណៈបែបនេះក្តី តែប្រជាជនដែលរស់នៅអមផ្លូវនោះ បានឱ្យដឹងថា ខាងមន្ត្រីជំនាញសុរិយោដីខេត្តកណ្តាល ពិតជាបានចុះទៅបង្គាប់ឱ្យម្ចាស់សំណង់ (លោកស្រេង សុខា) បញ្ឈប់ការសាងសង់តទៅទៀតមែន តែលោកសុខា មិនស្តាប់ឡើយ និងនៅតែបន្តសាងសង់។
មហាជនបានលើកឡើងថា ក្រោមឥទ្ធិពលកណ្តាប់ដៃដែក ដោយបានអនុវត្តយ៉ាងច្បាស់លាស់នៃអភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់) សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបកស័ក្តិបណ្តេញចេញពីតំណែងនូវមន្ត្រីរាជអាវុធហត្ថខេត្តរតនគិរី គឹម រស្មី ដែលធ្លាប់ប្រព្រឹត្តអំពើរំលោភបំពានអំណាច និងសម្ញែងទ្រព្យចែកកូនៗថ្ងៃខួបកំណើតកន្លះលានដុល្លារអាមេរិក ដែលធ្វើឱ្យប្រជាជនទូទាំងប្រទេសគាំទ្រចំពោះចំណាត់ការរបស់សម្តេច ជាខ្លាំង។ ប៉ុន្តែក៏នៅមានមន្ត្រីមួយចំនួនទៀត ហាក់ផ្គើននិងការអនុវត្តអភិក្រមទាំង៥ របស់សម្តេច ដដែល។ តួយ៉ាងដូចជា លោកស្រេង សុខា ស្នងការរងនៃស្នងការដ្ឋាន នគរបា ខេត្តកណ្តាល ថ្មីៗនេះបានភ្ជាប់ពាក្យជាមួយកូនក្រមុំជាមួយអ្នកស្រុកព្រៃវែង ដោយសម្ញែងបណ្ណាការរហូតដល់១០ម៉ឺនដុល្លារអាមេរិក ចិញ្ចៀនពេជ្រ ២វង់ តម្លៃរាប់ម៉ឺនដុល្លារ និងរថយន្ត Lexus LX570 មួយគ្រឿង តម្លៃជាង២០ម៉ឺនដុល្លារ សរុបទៅគ្រាន់តែថ្លៃទឹកដោះ ជាង៣០ម៉ឺនដុល្លារ ដែលករណីនេះ កំពុងក្លាយជារឿងផ្ទុះពេញស្រទាប់មហាជន ថាលោកទំនងមានពាក់ព័ន្ធនឹងអំពើពុករលួយ ទើបសំបូរទ្រព្យដល់ម្លឹង។ លោកកំពុងត្រូវបានពលរដ្ឋ ចោទថារំលោភបំពានមកលើបង្គោលភ្លើង មកលើចិញ្ចើមផ្លូវសាធារណៈ និងសាងសង់គ្មានច្បាប់អនុញ្ញាតសាងសង់ទៅទៀត បើទោះជាត្រូវបានប្រជាជនប្តឹងជំទាស់ ហើយអាជ្ញាធរបានចេញបញ្ជាឱ្យផ្អាកការសាងស
ង់យ៉ាងណា ក៏លោកស្នងការរង នៅតែអះអាងថា មិនបានដឹងឮ ហើយបន្តការសាងសង់។
គួរបញ្ជាក់ថា ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកបានប្រកាសថា “ពេលនេះ ខ្លាក៏វ៉ៃ ពស់ក៏វ៉ៃ កណ្តុរក៏វ៉ៃ កណ្តូង ក៏វ៉ៃ រុយក៏វ៉ៃ ឱ្យតែរំខានដល់ផលប្រយោជន៍ ប្រជាពលរដ្ឋ… ទាំងមន្ត្រីរាងការស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ កុំថា អ្នកឯងពាក់ផ្កាយ ពាក់លោកខែ ក៏ខ្ញុំយកចេញដែរ…”៕