កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន Factory Innotech ដែលជាក្រុមហ៊ុនផលិតជីសរីរាង្គធំមួយនៅប្រទេសថៃ បានរៀបចំសិក្ខាសាលាធំមួយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត ដៃគូសហការ ប្រជាកសិករខ្មែរ និងតំណាងមកពីប្រទេសវៀតណាម ឡាវ ប្រមាណជាង៥០០នាក់ ដើម្បីបង្ហាញពីផលិតផលជីសរីរាង្គ Dimond ដែលកំពុងពេញនិយមនៅថៃ អោយអ្នកចូលរួមបានដឹង។
លោក អ៊ុន អូន ប្រាមួនឌី គណៈកម្មការប្រចាំប្រទេសកម្ពុជា បានចាត់ទុកថា បទបង្ហាញ ដែលមានការចូលរួមដោយផ្ទាល់ពីម្ចាស់រោងចក្រជាជនជាតិថៃ គឺលោក Chakakit Limthanakhom នេះ បានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេសដល់ដៃគូសហការ និង កសិករដោយផ្ទាល់។
លោកថា ផលិតផលជីម៉ាកត្បូងពេជ្រ ឬ Dimond នេះ គឺជាប្រភេទជីសរីរាង្គ ដែលមានគុណសម្បត្តិជួយព្យាបាលដីខូច ជួយអោយផលដំណាំ ទទួលបានភោគផលច្រើន ដោយមិនភ័យខូចដីទៅថ្ងៃក្រោយ ដូចប្រភេទជីគីមី ទើបវត្តមានធ្វើបទបង្ហាញរបស់ម្ចាស់រោងចក្ររូបនេះ គឺជាការចែករំលែកមួយដ៏សំខាន់ ដល់ប្រជាកសិករខ្មែរ។
លោក Chakakit Limthanakhom ថៅកែរោងចក្រជនជាតិថៃ បានផ្ដល់កិច្ចសម្ភាសន៍ថា ជីសរីរាង្គត្បូងពេជ្រ មិនមែនជាជីគីមីនោះទេ តែជីសរីរាង្គដែលកែច្នៃចេញពីរុក្ខជាតិ និង សារជាតិធម្មជាតិជាច្រើនមុខ ដែលប្រើសម្រាប់ស្រោចដំណាំ មិនបង្កអោយខូចដៃ មិនបង្កអោយរុក្ខជាតិអន់ទិន្នផលនៅថ្ងៃក្រោយ និង ជួយអោយដីដែលខូចទៅហើយ ក្លាយជាមានសំណើម ក្លាយជាដីធូរ ដែលល្អសម្រាប់ដំណាំវិញ។
លោកថានៅប្រទេសថៃមានរោងចក្រផលិតជីធំៗ៤ ដែលទទួលស្គាល់ដោយរដ្ឋាភិបាលថៃ ដែលរដ្ឋាភិបាលថៃ ជ្រើសជាដៃគូអោយផលិតជីតម្រូវជូនដល់កសិករ តែក្នុងចំណោមទាំង៤ គឺរោងចក្រផលិតជីរបស់លោក ទទួលបានការទទួលស្គាល់ពីគុណភាព និង ត្រូវបានកុម្ម៉ង់សម្រាប់វិស័យកសិកម្មច្រើនជាងគេ ហើយដោយសារតែចង់ពង្រីកទីផ្សារផលិតផលនេះនៅកម្ពុជា ទើបរោងចក្ររបស់លោកសម្រេចចិត្តផលិតលើសតម្រូវការនៅប្រទេស ដើម្បីចែកចាយនៅកម្ពុជា។
លោកថា វេទិកានេះ បានផ្ដល់ឱកាសអោយពលរដ្ឋខ្មែរ ក្លាយជាដៃគូសហការ ក្លាយជាអ្នកចែកចាយ ហើយបន្ទាប់ពីនេះ ផលិតផលជីសរីរាង្គត្បូងពេជ្រ នឹងត្រូវបានដាក់ពង្រាយពេញទីផ្សារកម្ពុជា ដើម្បីបំពេញតម្រូវការជូនកសិករខ្មែរ ហើយក្នុងពេលបន្ទាប់ផលិតផលនេះនឹងបន្តវាតចូលទីផ្សារបណ្ដាប្រទេសផ្សេងទៀត ដូចជាវៀតណាមជាដើម។ ផលិតផលនេះ មានទាំងប្រភេទគ្រាប់ ប្រភេទម្សៅ និង ប្រភេទទឹក។