កាលពីថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៣ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំអបអរសាទរពិធី «ពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អាណ្តិតទី៥ ទូទាំងប្រទេស» ដែលមានអ្នកចូលរហូតដល់ជាង២ពាន់នាក់ ដើម្បីសំណេះសំណាល និង បង្កើននូវទំនាក់ទំនងមិត្តភាព។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយបានអញ្ជើញថ្នាក់ដឹកនាំ តំណាងថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ និងតំណាងស្ថានអគ្គកុងស៊ុល អគ្គរាជទូត អង្គទូត បណ្តាប្រទេសប្រចាំនៅកម្ពុជាមួយចំនួន ព្រមទាំងមានការអញ្ជើញចូលរួមពីសភាពាណិជ្ជកម្មអន្តរជាតិ-អ៊ឺរ៉ុបប្រចាំនៅកម្ពុជា និងសមាគមក្នុងស្រុកមួយចំនួនផងដែរ សរុបចំនួនអ្នកចូលរួមប្រមាណ ២.៥០០នាក់។
នេះ គឺជាជំនួបដ៏កម្រ ដែលមានគោលបំណង បង្ហាញពីសាមគ្គីភាពរវាងសមាជិក សមាជិកានៃ សភាពាណិជ្ជកម្មកម្ពុជា ទូទាំងប្រទេស ជាមួយសមាគមធុរកិច្ចជាតិនិងអន្តរជាតិ បង្កើនចំណងមេត្រីភាពកាន់តែល្អប្រើឡើងរវាងដៃគូរដ្ឋាភិបាលនិងឯកជន ជាពិសេសក្នុងឱកាសនេះ ដើម្បីទទួលបាននូវអនុសាសន៍នឹងការចែករំលែកនូវព័ត៌មាន ស្តីពីធុរកិច្ចនិងវិនិយោគផ្សេងៗដែលឆ្លុះបញ្ជាក់ពីការរួមគ្នារវាងវិស័យរដ្ឋាភិបាល-វិស័យឯកជនក្នុងកិច្ចសហការរួមគ្នាដើម្បីសម្របសម្រួលសកម្មភាពធុរកិច្ចនិងវិនិយោគ និងការអភិវឌ្ឍសម្រាប់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ទិសដៅ នៃជំនួបដ៏ធំមួយនេះ ដើម្បី (១). ធ្វើរបាយការណ៍ស្វាគមន៍ ស្តីពីសកម្មភាពសភាពាណិជ្ជកម្មកម្ពុជា (២). ការលើកឡើងចំណាប់អារម្មណ៍របស់ អ្នកឧកញ៉ា គិត ម៉េង (៣). សុន្ទរកថាសំណេះសំណាលដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត (៤). ពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់សមាជិក សមាជិកា និងបុគ្គលិកសភាពាណិជ្ជកម្មកម្ពុជា/សភាពាណិជ្ជកម្មរាជធានី ខេត្ត-ក្រុង ទូទាំងប្រទេស
(៥). ពិធីប្រគល់លិខិតថ្លែងអំណរគុណ ជូនចំពោះ ប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត, អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, សហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ (៦). ពិធីពិសាអាហារសាមគ្គីចាប់ផ្តើម និងថតរូបអនុស្សាវរីយ៍។ ក្នុងនោះសមាជិកសភាពាណិជ្ជកម្ម និង ភ្ញៀវកិត្តិយសចូលរួម ក៏ត្រូវបានផ្ដល់ឱកាសអោយថតរូបជាមួយថ្នាក់ដឹកនាំ ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ៕