ពិតជាមិនសរសើរចំពោះសំណាងរបស់តារាសម្ដែងស្រស់ស្អាតកញ្ញាឈឹមអារីយ៉ាមិនបានក្នុងពេលដែលនាងបានក្លាយជាជំទាវស្របច្បាប់ជាផ្លូវការតាមរយៈអាពាហ៍ពិពាហ៍ជាមួយមន្ត្រីផ្កាយ២នៅក្រសួងមហាផ្ទៃដែលស្វាមីរបស់នាងក្រៅពីជាមន្ត្រីជាន់ខ្ពស់មួយរូបត្រៀមឡើងផ្កាយ៣ហើយនោះក៍ជាអ្នកជំនួញទ្រព្យស្ដុកមួយរូបផងដែរ។តំណែងជំទាវរបស់នាងត្រូវបានស្ដែងឡើងកាលពីថ្ងៃទី៤ឩសភាតាមរយៈអាពាហ៍ពិពាហ៍ ដោយក្នុងពិធីមង្គលការនោះនាងក៍បានប្រកាសថានឹងសម្រេចចិត្តផ្អាកសិល្បៈ។
កញ្ញាឈឹមអារីយ៉ានិយាយថាស្វាមីរបស់នាងមានតួនាទីជាអគ្គនាយករងប្រចាំក្នុងនាយកដ្ឋានមួយរបស់ក្រសួងមហាផ្ទៃដោយក្នុងពេលបច្ចុប្បន្នលោកគឺជាមន្ត្រីផ្កាយ២ប៉ុន្តែនឹងឡើងផ្កាយ៣ឆាប់ៗក្នុងពេលខាងមុខ។ពន្លកស្នេហ៍ជាមួយបុរសពោះម៉ាយផ្កាយ២នេះ នាងថាបានកើតមានឡើងរង្វង់មួយឆ្នាំចុងក្រោយហើយដោយលោកក៍ហ៑ានចូលស្ដីដណ្ដឹងនាងតាមប្រពៃណី ទើបចំណងស្នេហ៍ផ្លូវការក៍ឈានដល់អាពាហ៍ពិពាហ៍។ នាងនឹងសម្រេចចិត្តបោះបង់សិល្បៈតែមិនចោលទាំងស្រុងនោះទេដោយអាចក្រោយពេលបង្កើតបានកូនមួយឬពីរគឺនាងនឹងត្រលប់មកថតជាថ្មី បើមានផលិតករទទួលយកនាងអោយសម្ដែងមួយរឿងឬ២រឿង។នាងសម្រេចចិត្តបោះបង់សិល្បៈដើម្បីទៅជួយមើលមុខជំនួញលក់ឡាននិងបើកហាងបញ្ចាំរបស់ស្វាមី ប៉ុន្តែសម្រាប់សកម្មភាពអញ្ជើញៗរបស់តារាសិល្បៈដូចគ្នាក្នុងកម្មវិធីមង្គលការនិងក្នុងកម្មវិធីសប្បុរសធម៍ជាដើមគឺនឹងនៅតែបង្ហាញខ្លួនបើមានការអញ្ជើញ។
ឈឹមអារីយ៉ាបន្តថានាងមិនដែលនឹកស្មានថាខ្លួនមានសំណាងបានក្លាយជាជំទាវស្របច្បាប់តាមរយៈមង្គលការដូចអ្វីដែលបានឃើញនោះទេតែនាងក៍នៅតែរៀបរឹកជានារីសាមញ្ញដើម្បីកុំអោយមានការរិះគន់ថានាងក្រោយក្លាយជាជំទាវក៍លែងរឹកពារនោះដែរ។នាងនិងស្វាមីគម្រោងដើរកម្សាន្ត១០ប្រទេសនៅតំបន់អឺរ៉ុបនៅអំឡុង២ខែខាងមុខតែសម្រាប់ពេលនេះគឺអត់មានពេលចេញទៅលម្ហែកាយដើម្បីទៅក្រេបទឹកឃ្មុំនោះទេដោយសារតែនាងក៍ត្រូវថតបញ្ចប់ភាពយន្តដែលនៅកុងត្រាហើយចំណែកស្វាមីក៍រវល់នឹងការងារក្នុងស្រុកនៅឡើយ។
គួរបញ្ជាក់ថាក្នុងពិធីមង្គលការរបស់នាងក្រៅពីភ្ញៀវកិត្តិយសដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមហាផ្ទៃក៍មានវត្តមានផលិតករនិងតារាសិល្បៈជាច្រើនចូលរួមផងដែរ។៕