ទីបំផុតកីឡាករ២រូប ទទួលបានសិទ្ធិចូលប្រកួតជើងឯកអន្តរជាតិ

0

ក្រោយបញ្ចប់ការប្រកួត នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៥ ឧសភា កីឡាករបង្គោលក្រហម ធឿន វិថាក់ និងកីឡាករបង្គោលខៀវ ហេង សំរាំង ត្រូវបានគណកម្មការប្រកាសអោយចូលប្រកួតនៅក្នុងប្រកួតជ្រើសរើសជើងឯកអន្តរជាតិក្នុងពេលខាងមុខ។ យ៉ាងណាមិញ ទម្រាំទទួលបានឱកាសមួយនោះ គឺអ្នកទាំងពីរប្រកួតគ្នាយ៉ាងស្វិតស្វាញស្ទើរតែម្នាក់ៗមិនខ្វល់ពីការរងរបួសផងដែរ។

លោក រាជ សូផែន ប្រធានក្រុមគណកម្មការផ្ដល់ពិន្ទុប្រចាំនៅទូរទស្សន៍អាសុីអាគ្នេយ៍ បានប្រកាសនៅមុនការប្រកួតរបស់កីឡាករទាំងពីរថា រវាងកីឡាករ ធឿន វិថាក់ និងកីឡាករ ហេង សំរាំង បើអ្នកណាប្រកួតបានល្អ ហើយមានសមត្ថភាព នោះនឹងយកកីឡាកររូបនោះ អោយឡើងនៅក្នុងការប្រកួតជ្រើសរើសជើងឯកអន្តរជាតិនៅពេលខាងមុខ ដោយគ្រាន់តែមានការប្រកាសមិនទាន់ចប់ផង កីឡាករទាំងពីរក៍បើកការប្រកួតដាក់គ្នា ដោយមិនខ្វល់ពីគ្រោះថ្នាក់រៀងខ្លួន។ ពេញរយៈពេល៣ទឹកចុងក្រោយ កីឡាករទាំងពីរកាន់តែធ្វើអោយអ្នកគាំទ្រពេញចិត្ត ជាពិសេសការវ៉ៃសម្រុករបស់កីឡាករបង្គោលក្រហម ធឿន វិថាក់ ទៅលើគូប្រកួត។ អុីចឹងហើយទើបក្រោយប្រកាសថា កីឡាករក្រហម ឈ្នះពិន្ទុកីឡាករបង្គោលខៀវ ក៍គណកម្មការប្រកាសថានឹងយកកីឡាករទាំងពីរអោយទៅប្រកួតជ្រើសរើសជើងឯកអន្តរជាតិក្នុងអំឡុងខែ៦ខាងមុខ ដើម្បីអោយកីឡាករទាំងពីរមានឱកាសបានប្រកួតជាមួយកីឡាករបរទេស ដែលខាងអ្នករៀបចំជម្រើសរួចហើយ។

លោកថាការប្រកួតជម្រើសជើងឯកអន្តរជាតិដែលទូរទស្សន៍អាស៊ីអាគ្នេយ៍នឹងរៀបចំឡើងនោះ នឹងមានកីឡាករកម្ពុជា៨នាក់ និងកីឡាករបរទេស៨នាក់ អោយឡើងប្រកួតគ្នា ដើម្បីជ្រើសយកកីឡាករកម្ពុជាម្នាក់ និងកីឡាករបរទេសម្នាក់ ដែលមានពិន្ទុខ្ពស់ជាងគេ អោយឡើងប្រកួតដណ្ដើមយកខ្សែក្រវ៉ាត់អន្តរជាតិ និងប្រាក់លាន ដោយក្នុងចំណោមកីឡាករកម្ពុជា ៨រូប គឺកីឡាករធឿន វិថាក់ និង ហេង សំរាំង នឹងក្លាយជាបេក្ខភាព២រូបដោយស្វ័យប្រវត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here