ផ្អើលទៀតហើយ នៅក្រុងតាខ្មៅព្រឹកមិញ

0

កាលពីព្រឹកថ្ងៃទី៩ ឧសភា ផលិតករប៉ុស្ដិ៍លេខ៥៣រូប ដែលមានមួយរូបជាតារាសម្ដែង និងជាពិធីការិនីផង បានបង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើលនៅកណ្ដាលក្រុងតាខ្មៅ ដោយអ្នកទាំង៣សុទ្ធតែតែងតួជាឥណ្ឌាក្នុងរឿងហនុមាន។ នេះជាយុទ្ធនាការផ្សព្វផ្សាយភាពយន្តរឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»ដែលភាពយន្តល្បីនៅក្នុងប្រទេសឥណ្ឌា និងនៅប្រទេសថៃ ហើយត្រូវបានទិញសិទ្ធិយកមកបញ្ចាំងនៅប៉ុស្ដិ៍លេខ៥កាលពីដើមខែឧសភា រៀងរាល់ថ្ងៃច័ន្ទដល់សុក្រនៅវេលាម៉ោងថ្ងៃត្រង់។

លោក ហួង តារាមុនី ប្រធានផលិតកម្មវិធី ប្រចាំនៅប៉ុស្ដិ៍លេខ៥ បានថ្លែងបញ្ជាក់ថាដោយសារតែភាពយន្តរឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»ត្រូវបានទិញសិទ្ធិក្នុងតម្លៃខ្ពស់មកពីប្រទេសឥណ្ឌាយកមកបញ្ចាំងនៅប៉ុស្ដិ៍លេខ៥ ហើយចង់អោយមហាជនខ្មែរបានដឹងទូលំទូលាយពីការដាក់បញ្ចាំង ដើម្បីបានទស្សនាភាពយន្តល្បីឈ្មោះមួយនេះ និងដើម្បីបានដឹងពីប្រវត្តិសាស្រ្តរបស់ហនុមានដែលពាក់ព័ន្ធនឹងរឿងរាមកេរ្តិ៍ ក្នុងអក្សរសិល្ប៍ខ្មែរផង។ លោកថាប៉ុស្ដិ៍លេខ៥បានសម្រេចចំណាយទុនធំក្នុងការសុំសិទ្ធិនៅផ្សារធំៗមួយចំនួននៅរាជធានីភ្នំពេញ និងនៅតាខ្មៅ ដោយគម្រោងអោយផលិតកររបស់ប៉ុស្ដិ៍លេខ៥ ដែលជាតារាសម្ដែងផង៣រូបតែងតួជាហនុមាន និងជាភរិយារបស់ហនុមាន ដែលជាតួអង្គសំខាន់ក្នុងរឿង អោយទៅផ្សព្វផ្សាយនៅតាមទីសាធារណៈទាំងនោះ។

ក្នុងជំហានដំបូងលោកតម្រូវអោយផលិតករទាំង៣ បង្ហាញខ្លួននៅផ្សារតាខ្មៅ បន្ទាប់ពីធ្វើអោយផ្អើលនៅផ្សារធំថ្មី និងផ្សារសុវណ្ណា ដោយក្រៅពីផ្ដល់ឱកាសអោយបងប្អូនអាជីវករ និងអ្នកដើរផ្សារបានថតរូបដោយផ្ទាល់ជាមួយតួអង្គតំណាងក្នុងរឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»នេះ ក៏មានការចែកជូននូវកាដូអនុស្សាវរីយ៍ដល់អ្នកថតរូបទាំងនោះផង។ លោកថ្លែងបញ្ជាក់ថា ភាពយន្តនេះមានចំនួនជាង៣០០ភាគ ហើយបានដាក់បញ្ចាំំងនៅប៉ុស្ដិ៍លេខ៥ប៉ុន្មានថ្ងៃមកហើយ ដោយតាំងពីដាក់ផ្សាយកាលពីថ្ងៃទី១ ឧសភា រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង១១ព្រឹកនោះ អត្រាអ្នកតាមដានរឿងនេះកើតឡើងរាល់ថ្ងៃ។

ផលិតករដែលត្រូវបានជ្រើសអោយតែងតួជាហនុមាន និងជាព្រះនាងក្នុងរឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»ទាំង៣រួមមាន លោក លន់ ឯក ដែលជាអ្នកផលិតកម្មប្រចាំនៅប៉ុស្ដិ៍លេខ៥ អ្នកនាងកែវ សុវណ្ណនី ហៅញ៉ាញ់ អ្នកគ្រប់គ្រងកម្មវិធីតន្ត្រីបន្តផ្ទាល់នៅរាល់ថ្ងៃអាទិត្យ និងអ្នកនាងយ៉ុង លីកា អ្នកគ្រប់គ្រងកម្មវិធីជាច្រើនប្រចាំនៅប៉ុស្ដិ៍លេខ៥ដូចគ្នា។

ផលិតករទាំង៣ ត្រូវបានជ្រើសរើសអោយតំណាំងក្នុងរឿងភាគឥណ្ឌាល្បីឈ្មោះមួយនេះ បន្ទាប់ពីកត់សម្គាល់ថាមានមុខមាត់និងរូបរាងធំខ្ពស់ ស័ក្ដសមជាជនជាតិឥណ្ឌា និងបន្ទាប់ពីតែងតួជាឥណ្ឌាទៅ ក៏ទាក់ទាញ។ អ្នកផ្សារធំថ្មីត្រូវគេឃើញរោមថតជាមួយតួអង្គទាំង៣ពេញរយៈពេលមួយម៉ោង ដែលអ្នកទាំង៣ចុះទៅដល់យ៉ាងគគ្រឹកគគ្រេង នៅមុននេះបន្តិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here