តួកូពីក្នុងរឿង​​​​ស្ដេចហនុមានដ៏ល្បីល្បាញ កូរពេញ​​ផ្សារ​​​ធំថ្មី

0

នៅកណ្ដាលផ្សារធំថ្មី កាលពីព្រឹកថ្ងៃទី៨ ឧសភា ផលិតករប៉ុស្ដិ៍លេខ៥ចំនួន៣រូប ដែលមានមួយរូបជាតារាសម្ដែង និងជាពិធីការិនីផង បានបង្ហាញខ្លួនគួរអោយភ្ញាក់ផ្អើលនៅកណ្ដាលផ្សារធំថ្មី ដោយអ្នកទាំង៣សុទ្ធតែតែងតួជាឥណ្ឌាក្នុងរឿងហនុមាន។ តាមការប្រកាសអោយដឹងតួអង្គទាំង៣ នឹងបន្តចុះជួបអ្នកគាំទ្រនៅតាមបណ្ដាផ្សារធំៗជាច្រើនទៀត ដោយនេះគឺជាយុទ្ធនាការផ្សព្វផ្សាយភាពយន្តរឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»ដែលភាពយន្តល្បីនៅក្នុងប្រទេសឥណ្ឌា និងនៅប្រទេសថៃ ហើយត្រូវបានទិញសិទ្ធិយកមកបញ្ចាំងនៅប៉ុស្ដិ៍លេខ៥ កាលពីដើមខែឧសភា។

ផលិតករដែលត្រូវបានជ្រើសអោយតែងតួជាហនុមាន និងជាព្រះនាងក្នុងរឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»ទាំង៣រួមមាន លោក លន់ ឯក ដែលជាអ្នកផលិតកម្មប្រចាំនៅប៉ុស្ដិ៍លេខ៥ អ្នកនាងកែវ សុវណ្ណនី ហៅញ៉ាញ់ អ្នកគ្រប់គ្រងកម្មវិធីតន្ត្រីបន្តផ្ទាល់នៅរាល់ថ្ងៃអាទិត្យ និងអ្នកនាងយ៉ុង លីកា អ្នកគ្រប់គ្រងកម្មវិធីជាច្រើនប្រចាំនៅប៉ុស្ដិ៍លេខ៥ដូចគ្នា។ ផលិតករទាំង៣ ត្រូវបានជ្រើសរើសអោយតំណាំងក្នុងរឿងភាគឥណ្ឌាល្បីឈ្មោះមួយនេះ បន្ទាប់ពីកត់សម្គាល់ថាមានមុខមាត់និងរូបរាងធំខ្ពស់ ស័ក្ដសមជាជនជាតិឥណ្ឌា និងបន្ទាប់ពីតែងតួជាឥណ្ឌាទៅ ក៏ទាក់ទាញ។ អ្នកផ្សារធំថ្មីត្រូវគេឃើញរោមថតជាមួយតួអង្គទាំំង៣ពេញរយៈពេលមួយម៉ោង ដែលអ្នកទាំំង៣ចុះទៅដល់យ៉ាងគគ្រឹកគគ្រេង នៅមុននេះបន្តិច។

លោក ហួង តារាមុនី អ្នកគ្រប់គ្រងផ្នែកសិល្បៈកម្សាន្តប្រចាំនៅប៉ុស្ដិ៍លេខ៥ បានថ្លែងបញ្ជាក់ថាដោយសារតែភាពយន្តរឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»ត្រូវបានទិញសិទ្ធិក្នុងតម្លៃខ្ពស់មកពីប្រទេសឥណ្ឌាយកមកបញ្ចាំងនៅប៉ុស្ដិ៍លេខ៥ ហើយចង់អោយមហាជនខ្មែរបានដឹងទូលំទូលាយពីការដាក់បញ្ចាំង ដើម្បីបានទស្សនាភាពយន្តល្បីឈ្មោះមួយនេះ និងដើម្បីបានដឹងពីប្រវត្តិសាស្រ្តរបស់ហនុមានដែលពាក់ព័ន្ធនឹងរឿងរាមកេរ្តិ៍ ក្នុងអក្សរសិល្ប៍ខ្មែរផង។ លោកថាប៉ុស្ដិ៍លេខ៥បានសម្រេចចំណាយទុនធំក្នុងការសុំសិទ្ធិនៅផ្សារធំៗមួយចំនួននៅរាជធានីភ្នំពេញ និងនៅតាខ្មៅ ដោយគម្រោងអោយផលិតកររបស់ប៉ុស្ដិ៍លេខ៥ ដែលជាតារាសម្ដែងផង៣រូបតែងតួជាហនុមាន និងជាភរិយារបស់ហនុមាន ដែលជាតួអង្គសំខាន់ក្នុងរឿង អោយទៅផ្សព្វផ្សាយនៅតាមទីសាធារណៈទាំំងនោះ។ ក្នុងជំហានដំបូងលោកតម្រូវអោយផលិតករទាំង៣ បង្ហាញខ្លួននៅផ្សារធំថ្មី ដោយក្រៅពីផ្ដល់ឱកាសអោយបងប្អូនអាជីវករ និងអ្នកដើរផ្សារបានថតរូបដោយផ្ទាល់ជាមួយតួអង្គតំណាងក្នុងរឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»នេះ ក៏មានការចែកជូននូវកាដូអនុស្សាវរីយ៍ដល់អ្នកថតរូបទាំងនោះផង។ លោកថ្លែងបញ្ជាក់ថា ភាពយន្តនេះមានចំនួនជាង៣០០ភាគ ហើយបានដាក់បញ្ចាំំងនៅប៉ុស្ដិ៍លេខ៥ប៉ុន្មានថ្ងៃមកហើយ ដោយតាំងពីដាក់ផ្សាយកាលពីថ្ងៃទី១ ឧសភា រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង១១ព្រឹកនោះ អត្រាអ្នកតាមដានរឿងនេះកើតឡើងរាល់ថ្ងៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here