តារាចម្រៀង​សេម ស្ងាត់ៗលេចមុខ​ជាមួយ​តួអង្គ៣ទៀត​យ៉ាង​កាលី​ប ក្នុង​រឿង០០៩

0

ខណ:ដែល​តារាចម្រៀង​លោក​សេម ត្រូវគេ​សម្គាល់ថា​ស្ងប់ស្ងាត់​ពី​ការ​ខ្ទរខ្ទារ​ក្នុងការ​បញ្ចេញ​បទ​ចម្រៀង​ច្រើនឡើង​នាពេល​ចុងក្រោយ លោក​បែរជា​កាន់តែ​លេចធ្លោរ​ក្នុងការ​សម្ដែង​ភាពយន្ត​ជា​ជំនួស​ទៅវិញ។ លោក​ត្រូវគេ​ឃើញ​បាន​តំណែង​តួឯក​ក្នុង​ភាពយន្ត​រឿង«០០៩»យ៉ាង​កាលី​ប ដោយ​លោក​បានបង្ហាញ​អារម្មណ៍​ជឿជាក់ថា​ស្នាដៃ​ថ្មី​របស់ខ្លួន​នឹង​ទទួលបាន​ជោគជ័យ​ភ្លូកទឹកភ្លូកដី ក្នុងពេល​ដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ចុង​ខែមេសា​ខាងមុខ​នោះ​ផង ខណ:តួ​សម្ដែង៣រូប​ផ្សេងទៀត ក៏បាន​បង្ហាញ​ពី​ក្ដី​រំពឹង​បែបនេះ​ដូចគ្នា។

លោក សេម និយាយថា នៅក្នុង​ភាពយន្ត​រឿង«០០៩»លោក​មិន​ត្រឹមតែ​សម្ដែង​ជា​តួ​ក្រ​មិច​ក្រ​ម៉ើ​ម និង​បង្ហាញ​ពី​ស្នេហា​រ៉ូ​មេ​ទិ​ក​ជាមួយ​តួ​ស្តី​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏បាន​សម្ដែង​ជា​តួ​វាយ​ទាត់​ធាក់ ដោយសារតែ​លោក​គឺជា​អ្នកការពារ​សំណាញ់​ច្បាប់​មួយរូប​ក្នុង​រឿង​ផងដែរ។ លោ​កថា​មួយ​រឿងនេះ​គ្រាន់តែ​ចំណាយពេល​ថត និង​ហ្វឹកហាត់​ក្បាច់គុន​គឺ​ជិត​មួយឆ្នាំ ដោយ​ការសម្ដែង​ក្នុង​រឿង​ទាំងមូល​ក៏​ពិបាក​ណាស់ដែរ ទម្រាំ​បានបញ្ចប់ អ៊ីចឹង​ហើយ​ទើប​លោក​ចាត់ទុកថា​នេះ​ជា​ភាពយន្ត​បើកឆាក​ដែល​លោក​បាន​សម្ដែង​ជា​ប្រភេទ​Action ដែល​លោក​ត្រូវ​វាយតប់​ផង និង​រៀន​តាំងពី​កាន់​កាំភ្លើង​ផង ដែល​មិនមែនជា​រឿង​ងាយស្រួល។

លោក​រំពឹង​យ៉ាងខ្លាំង​ថា​នឹង​ទទួលបាន​ជោគជ័យ ដោយ​ប្រកាសថា​ក្រោយពី​ភាពយន្ត​នេះ​ដាក់​បញ្ចាំង​រឿងនេះ​ចប់សព្វគ្រប់ គឺ​លោក​នឹង​ងារ​កមក​គិតគូរ​រឿង​ផលិត​បទ​ចម្រៀង​វិញ​ម្ដង។

កញ្ញា អៀ ម៉ី​លិ​ក តារា​ស្រី​ដែល​បាន​សម្ដែង​រឿងនេះ​ដូចគ្នា​បាន​សម្ដែង​ពី​ផលវិបាក​ក្នុង​រឿង«០០៩» ដោយ​នៅក្នុង​រឿងនេះ នាង​ត្រូវ​ថត​ឈុត​វាយ​ផង និង​កាន់​កាំភ្លើង​ផង តែ​នាង​តែ​តស៊ូ​សម្ដែង​រហូត​ទទួលបាន​ជោគជ័យ​គ្រប់​ឈុត​ដោយ​មិន​ឲ្យ​ផលិតករ​ខកចិត្ត​នោះទេ។ កញ្ញា​ថា សប្បាយចិត្ត​ដែល​បានរួម​សម្ដែង​ជាមួយ​តារាចម្រៀង​សេម ហើយ​អ្វីដែល​នាង​ពេញចិត្ត​គឺ​ពេល​សម្ដែង​ជាមួយ​លោក​គឺ​លោក​មានការ​យោគយល់​ខ្លាំង ដោយ​មិន​ប្រកាន់​ថា​នាង​គឺជា​តួ​ថ្មី​នោះឡើយ។

លោកគ្រូ​វិ​រ: វត្ត​ថា​ន់ បាន​អះអាងថា​នៅក្នុង​រឿងនេះ លោក​សម្ដែង​វាយតប់​សុទ្ធតែ​ជាមួយគ្នា​ច្រើនតែ​ម្ដង ទើប​លោក​រំពឹងថា​នឹងមាន​ការចាប់អារម្មណ៍​ក្នុងពេល​ភាពយន្ត​មួយ​នេះ​នឹងដាក់​បញ្ចាំង​នៅ​ចុងខែ​មេសា​ក្រោយ​ចូលឆ្នាំ។

លោក ស៊ុម ភា​រិ​ន ចាងហ្វាង​ផលិតកម្ម​ប​ដិ​ហា​រ្យ​ភាពយន្ត និង​ជា​តួ​សម្ដែង​មួយរូប​ក្នុង​រឿង«០០៩»បាន​អះអាងថា នេះ​ជា​រឿង​ទី៤របស់​ផលិតកម្ម តែ​ជា​រឿង​ទី១បាន​ធ្វើជា​ប្រភេទ​បាញ់ប្រហារ ដោយ​ភាពយន្ត​នេះ​គឺ​លោក​និពន្ធ​ដោយផ្ទាល់ ហើយ​សាច់រឿង​ទាំងមូល​ក៏​ថ្មី និង​ប្លែក​ពី​រឿង​ផ្សេង​ដោយ​មិនមាន​ប្លង់​ចម្លង​ពី​ភាពយន្ត​ណា​ឡើយ។ ភាពយន្ត​នេះ​ត្រូវបាន​ផលិតឡើង​រយ:ពេល១ឆ្នាំ ហើយ​ចំពោះ​ដើមទុន​ក៏​ចំណាយ​ច្រើន​ដែរ ដោយសារ​សំបូរ​ឈុត​បាញ់ប្រហារ និង​ថត​ច្រើន​ខេត្ត​ក្រុង​នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here