មិនគួរជឿ ឡេង ណាវ៉ាត់ត្រា ត្រូវបានសម្ដេច ហ៊ុន សែន លើកយកមកប្រកាសពេញពិធី

0

ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូប្រមាណជាង៣ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ កាលពីព្រឹកថ្ងៃទី៦ ឧសភា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើក យកឈ្មោះរបស់តារាចម្រៀង លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្មGalaxy ដែលបានក្លាយជាម្ចាស់បុរី មកសរសើរនៅក្នុងពិធីគួរអោយភ្ញាក់ផ្អើល ខណៈដែលនេះជាគឺជារឿងកម្រដែលប្រមុខរដ្ឋាភិបាលលើកឈ្មោះអ្នកសិល្បៈជោគជ័យមួយរូប យកមកសរសើរកណ្ដាលពិធី។ ការលើកឡើងរបស់សម្ដេច បានធ្វើអោយតារាចម្រៀងដែលទើបវិវត្តន៍ខ្លួនក្លាយជាឧកញ៉ាវ័យក្មេងរូបនេះ លេចធ្លោរយ៉ាងខ្លាំង ខណៈដែលសម្ដេចក៏បានសួររកឈ្មោះរបស់លោក ហើយត្រូវមន្ត្រីក្រោមឱវាទស្រែកថា «ឡេង ណាវ៉ាត់ត្រាៗ»។

បន្ទាប់ពីថ្លែងអោយដឹងពីផលវិបាកក្នុងការកសាងសន្តិភាព សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងអាណត្តិកៀកនឹងជិតបោះឆ្នោតនៅពាក់កណ្ដាលខែខាងមុខនេះ តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជាមិនមានបញ្ហាធ្លាក់ថ្លៃដូចកាលពីអំឡុងមុនបោះឆ្នោតនាពេលកន្លងមកនោះទេ ដោយតម្លៃដីធ្លីមានតែឡើងជាងមុន និងមានការលើកឡើងថានឹងកាន់តែឡើងថ្លៃថែមទៀត ក្រោយការបោះឆ្នោត ដែលត្រូវបានសម្ដេចថានេះ ស្ថានភាពវិជ្ជមានសម្រាប់ជំនួញដីធ្លី។

ជាមួយនឹងការលើកឡើងនូវភាពល្អប្រសើរក្នុងវិស័យដីធ្លីនេះ សម្ដេចក៏លើកឧទាហរណ៍ពី លោក ឡេង ណាវ៉ាត់ត្រា ដែលគ្រាន់តែជាអតីតពលករបម្រើការនៅក្នុងប្រទេសកូរ៉េ ហើយបានសន្សំលុយកាក់ទិញដីធ្លី រហូតទទួលបានប្រាក់ចំណេញក្លាយជាម្ចាស់បុរីធំមួយនាពេលបច្ចុប្បន្ន។ សម្ដេចបានសរសើរ លោកឡេង ណាវ៉ាត់ត្រា ម្ដងហើយម្ដងទៀតនៅក្នុងពិធី ដោយបានទាំងអះអាងថាសម្ដេចបានខលទៅលោក ឡេង ណាវ៉ាត់ត្រា ដោយផ្ទាល់នោះផង នៅពេលដែលលោកមានបំណងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ សម្ដេចបន្តថា សម្ដេចមានការរំភើបចិត្តនឹងតារាចម្រៀងរូបនេះយ៉ាងខ្លាំង ដោយបានបញ្ជាក់ថាអ្នកដែលមានការតស៊ូ និងមានគំនិតបែបនេះ គឺត្រូវតែជួយបំផុស និងលើទឹកចិត្ត។

ជាមួយនឹងការលើកឡើងរបស់សម្ដេច លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថា រំភើបចិត្តយ៉ាងខ្លាំង ដែលការតស៊ូរបស់លោកត្រូវបានប្រមុខដឹកនាំកំពូលគឺសម្ដេចនាយករដ្ឋមន្ត្រីទទួលស្គាល់ និងបានលើកយកឈ្មោះរបស់លោកមកប្រកាសនៅក្នុងពិធីនេះ ដែលលោកថានេះជាគឺជាមោទនភាពរបស់ខ្លួនយ៉ាងខ្លាំង ចាប់់តាំងពីលោកបានបញ្ចប់ការងារជាពលករនៅក្នុងប្រទេសកូរ៉េ ហើយបានត្រឡប់មករស់នៅប្រទេសកំណើត។ មកទល់ពេលនេះ លោកថាខ្លួនពិតជាបានទទួលជោគជ័យក្នុងគម្រោងសង់បុរីដាក់លក់នៅលើទីផ្សារពិតមែន ដោយបានទាំងពង្រីកទីតាំងពីមួយទៅមួយ នាពេលចុងក្រោយ។ យ៉ាងណាមិញ លោកថាមិនអាចដកខ្លួនពីសិល្បៈ និងការងារសង្គមបានទេ ទើបលោកនៅតែបន្តផលិតចម្រៀងក្នុងផលិតកម្ម Galaxy និង បានរួមចំណែកជួយសង្គមជាច្រើន បូករួមទាំងបរិច្ចាគជួយដល់កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផាមុននេះ។

លោកថា ការសរសើររបស់សម្ដេចនាយរដ្ឋមន្ត្រី គឺជាកម្លាំងចិត្តដ៏ធំក្នុងជីវិតរបស់លោក ហើយលោកក៏នឹងរួមចំណែកក្នុងការវិនិយោគលើគម្រោងបុរី និងជួយដល់សង្គមអោយកាន់តែច្រើនបន្ថែមទៀតផងដែរ ដើម្បីចែករំលែកបទពិសោធន៍តស៊ូដល់ក្រុមពលករជាច្រើនផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here