មកស្គាល់ផលិតករខ្មែរ ដែលមានស្នាដៃមិនចាញ់បរទេសក្នុងការផលិតរឿង

0

ជាមួយនឹងការបង្ហោះសាច់រឿងព្រឺរន្ធត់ខ្លីៗ អមដោយប្លង់ថតដូចភាពយន្តខ្នាតធំ និងតួអង្គនិយាយភាសាអង់គ្លេសនៅក្នុងផ្ទៃរឿងផង គេនឹកស្មានថាភាពយន្តរឿង”Boy” រឿង”Evoking ឬ ដាស់វិញ្ញាណ” និងរឿងដែលជាស្នាដៃរបស់ផលិករឈ្មោះ Tim Pek (ធីម បុិក) ម្ចាស់ពានរង្វាន់ ពីការផលិតភាពយន្តរឿង”វិញ្ញាណក្រហម ឬ The Red Sense” នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០០៦ ដែលបានដាក់បង្ហោះលើយូធូបគឺជាស្នាដៃរបស់ក្រុមហ៑ុនបរទេស។ យ៉ាងណាមិញ ម្នាក់ៗបានសម្ដែងការចាប់អារម្មណ៍នៅពេលដឹងថា លោក Tim Pek គឺជាជនជាតិខ្មែរ ហើយភាពយន្តខ្លីៗដែលត្រូវបានគេថាទាក់ភ្នែកទាំងប្លង់ និងសំលេងទាំងនោះ គឺជាក៏មានការចូលរួមសម្ដែងដោយជនជាតិកម្ពុជា។

ក្នុងកិច្ចសម្ភាសន៏តាមសារអេឡិចត្រូនិចពីប្រទេសអូស្ត្រាលី លោក ធីម បុិក ផលិតករជនជាតិខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលីបានថ្លែងបញ្ជាក់ថាដោយសារតែលោកបានទទួលការបណ្ដុះបណ្ដាលក្នុងជំនាញផលិតភាពយន្តទាំងការផលិតស្ពត វីដេអូឯកសារ ជាអ្នកកាត់ត និង ចាក់ពណ៌វីដេអូ នៅក្នុងប្រទេសអូស្ត្រាលី ទើបលោករមែងផលិតភាពយន្តខ្លីៗ ជាពិសេសរឿងខ្លីរន្ធត់ៗ និងព្រឺព្រួច ហើយដាក់បង្ហោះនៅលើយូធូប។ មកទល់ពេលនេះលោកផលិតបានច្រើនរឿងហើយ ដោយភាពយន្តខ្លីនីមួយៗ លោកក៏នឹងមានគំនិតបន្លាយជាភាពយន្តខ្នាតធំ ប្រសិនបើមានដៃគូសហការបោះទុន ចង់អោយលោកផលិត។ កាលពីខែ៩កន្លងទៅ ក្នុងពេលលោកមកលេងនៅកម្ពុជា លោកក៏បានផលិតស្ពតខ្លីក្រោមចំណងជើងថា”Cambodia’s Wonderland” ដែលឆ្លុះបញ្ចាំងពីអច្ឆរិយៈនៃកម្ពុជា។ ពេលកន្លងមកលោកក៍ចុះមកផលិតស្ពត និងរឿងខ្លីៗជាច្រើនលើទឹកដីខ្មែររាប់មិនអស់ផងដែរ។

លោកថាខ្លួនទទួលបានការទទួលស្គាល់លើជំនាញផលិតប្លង់រឿង សំលេង និងបច្ចេកទេសថត ជាយូរមកហើយ ទើបនៅក្នុងប្រទេសអូស្ត្រាលីលោកទទួលជោគជ័យក្នុងការបើកក្រុមហ៑ុនផលិតស្ពត ផលិតវីដេអូឯកសារ ជំនាញកាត់ត ចាក់ពណ៌កុន និង Sound ជាដើម នៅក្នុងប្រទេសអូស្ត្រាលី ដោយក្នុងពេលដ៏ខ្លី លោកក៏នឹងគ្រោងចុះមកផលិតភាពយន្តដោយជ្រើសយកជនជាតិខ្មែរនៅលើទឹកដីកម្ពុជា អោយសម្ដែងផងដែរ។

លោកថាភាពយន្តខ្លីៗដែលលោកផលិតឡើងកន្លងមក បើទោះជានិយាយភាសាបរទេស និងមើលរសជាតិដូចជាភាពយន្តបរទេស ប៉ុន្តែមិនមានស្នាដៃណាមួយ ដែលគ្មានការចូលរួមសម្ដែងពីជនជាតិខ្មែរ នោះទេ។ ជាក់ស្ដែងក្នុងរឿង”Boy” ដែលមានការចាប់អារម្មណ៍ក្រោយការបង្ហោះនោះ តួអង្គក្មេងប្រុសគឺជាជនជាតិកម្ពុជានោះទេ ខណៈដែលតួអង្គស្រីជាជនជាតិហ្វីលីពីន និងមានជនជាតិអូស្ត្រាលីចូលរួមសម្ដែងដែរ។ លោកប្រកាសថាចង់អោយអន្តរជាតិដឹងថាជនជាតិកម្ពុជាក៏មានលទ្ធភាពផលិតភាពយន្តកម្រិតបរទេសមិនចាញ់គ្នា ទើបលោកតែងផលិតរឿងខ្លីថ្មីៗ ដាក់បង្ហោះជារឿយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here