បវរកញ្ញាភពផែនដី ប្រកួតគ្នា Make Up ក្នុងដំណើរទស្សនកិច្ចលើកដំបូង

0

កាលពីរសៀលថ្ងៃទី ៧ តុលា ឆ្នាំ២០១៩ គណកម្មការបវរកញ្ញាភពផែនដី បានធ្វើដំណើរទស្សនកិច្ចលើកដំបូងនៅក្នុងក្រុមហ៑ុន អុីមអុីមហ្វា​ម៉ា។ នៅក្នុងថ្ងៃនោះ បេក្ខភាពទាំង២៥រូប ក៏ត្រូវកម្មវិធីកំណត់អោយប្រកួតប្រជែងគ្នាលើការប្រើប្រាស់ផលិតផលគ្រឿងសម្អាងម៉ាក FARMASI ដើម្បីជ្រើសយកបេក្ខនារីឆ្នើមមួយរូប ដែលផាត់មុខ(Make Up) ខ្លួនឯងបានស្អាតជាងគេ អោយទទួលបានកាដូពិសេស។

កញ្ញា រំដួលលិចទឹក អគ្គនាយិកាបវរកញ្ញាភពផែនដីកម្ពុជាឆ្នាំ២០១៩ បានថ្លែងបញ្ជាក់ថា ដើម្បីអោយបេក្ខនារីកាន់តែយល់ដឹងពីការប្រើប្រាស់គ្រឿងសម្អាង និងដើម្បីអោយស្អាតជាប្រចាំ ទើបកម្មវិធីតម្រូវអោយមានការប្រកួតប្រជែងគ្នាផាត់មុខ ដើម្បីស្វែងរកបេក្ខនារីឆ្នើមម្នាក់ ដែលយល់ដឹងពីរបៀបប្រើប្រាស់ផលិតផលគ្រឿងសម្អាងជាងគេ។ កញ្ញានិយាយថា”ដោយសារការប្រកួតបវរកញ្ញា កម្មវិធីតម្រូវអោយស្អាតគ្រប់ពេល ដូច្នេះសំខាន់ខ្លាំងណាស់ សម្រាប់បេក្ខនារីមួយរូប ដែលចេះពីរបៀបផាត់មុខជួយខ្លួនឯង”។ យ៉ាងណាមិញកញ្ញាថា ដំណើរទស្សនកិច្ច និង ប្រកួតផាត់មុខនៅក្នុងក្រុមហ៑ុនអុឹមអុឹមហ្វាម៉ានោះ មិនមានការជម្រុះបេក្ខនារីនោះទេ គឺគ្រាន់តែចង់ស្វែងរកបេក្ខនារីដែលពូកែផាត់មុខដែលល្អជាងគេ ដើម្បីកត់សម្គាល់ប៉ុណ្ណោះ។

លោក សុឹម មាស អគ្គនាយកក្រុមហ៑ុន អុឹមអុឹមហ្វាម៉ា បានអះអាងថា ដោយសារការប្រកួតបវរកញ្ញា ជាការរៀបចំដោយជនជាតិកម្ពុជា ទើបលោកសម្រេចជ្រោមជ្រែង ដោយបានទាំងត្រៀមគ្រឿងសម្អាងជាច្រើន ដើម្បីចូលរួមឧបត្ថម្ភ។

ក្នុងដំណើរទស្សនកិច្ចនោះ គេឃើញបេក្ខនារីទាំង២៥រូប បានបញ្ចេញអស់សមត្ថភាពក្នុងការ Make Up ខ្លួនឯងអោយមើលទៅឃើញស្រស់ស្អាត ខណៈដែលបេក្ខនារីមួយរូប ក៏ត្រូវបានវាយតម្លៃថា ផាត់មុខបានល្អក្រោយបញ្ចប់ប្រកួតប្រជែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here