អានមិនខុសទេ! អ្នកសិល្បៈចង់ល្បីកាន់ឆ្នាំ ដូច លី ម៉ារីណា និង ម៉ៅ សុីណាត

0

ក្នុងពិភពសិល្បៈបានត្រឹមតែសរសើរថា សិល្បការិនីល្បីល្បាញពីររូប គឺអ្នកនាង លី ម៉ារីណា និង អ្នកនាង ម៉ៅ សុីណាត នៅមានប្រជាប្រិយបានយូរប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងថាអ្វីជាកត្តាជួយឲ្យតារាទាំង២នៅតែឈរជើងយ៉ាងមាំក្នុងសិល្បៈនោះទេ។ នៅក្នុងថ្ងៃនេះ”ផ្ទះតារា” សូមលើកយកចំណុចខ្លាំងរបស់តារាទាំង២ ចែកជូនដល់សិល្បករជំនាន់ក្រោយ ទុកជាបទពិសោធន៍ក្នុងសិល្បៈ។

អ្នកនាង លី ម៉ារីណា មិនមែនជាតារាជ្រកក្នុងផលិតកម្មផ្ដាច់មុខមួយ ដូចតារាហង្សមាស ឬ តារាថោន ដែលផលិតកម្មត្រូវតែរៀបយុទ្ធសាស្ត្រជួយឲ្យល្បីនោះទេ ប៉ុន្តែហេតុផលដែលអ្នកនាងនៅល្បីបានយូរជាង២០ឆ្នាំមកនេះ មិនមែនពឹងលើសមត្ថភាព និងទេពកោសល្យតែមួយមុខនោះទេ ប៉ុន្តែដោយសារតែកក្តាខាងក្រោម៖

-រូបសម្រស់៖ ខុសពីតារាភាគច្រើន ដែលក្រោយល្បីក្រោយមានស្វាមីមានកូន រមែងបែកសាច់ធាត់កន្រ្ទីលកន្រ្ទល អ្នកនាងគឺនៅតែថែរាងបានស្អាត និងរូបសម្រស់ក្មេងជាងវ័យ ធ្វើអោយតម្រូវការទីផ្សារនៅតែម៉ឺងក្នុងដៃ។

-ឲ្យតម្លៃលើការងារខ្ពស់៖ កម្រឃើញអ្នកនាងទទួលការងារហើយរំសាយចោលវិញធ្វើឲ្យម្ចាស់កម្មវិធីឈឺក្បាលវិញណាស់ ហើយបើការងារនោះជាការងារសង្គមមិនទទួលបានកម្រៃផង គឺអ្នកនាងរឹតតែផ្ដល់តម្លៃឲ្យ ទាំងការគោរពពេលវេលា និងការបត់បែនជានិច្ចតាមការតម្រូវរបស់ម្ចាស់កម្មវិធី។

-ភាពរួសរាយរាក់ទាក់៖ អ្នកសិល្បៈភាគច្រើន ពិសេសតារារះថ្មី ដែលរួមការងារជាមួយអ្នកនាង ស្ទើរមិនមានអ្នកណាមិនគោរព និងឲ្យតម្លៃតារារៀមច្បងរូបនេះនោះទេ ដោយសារតែអ្នកនាងទោះជាធ្វើការក្នុងបរិយាកាសសុទ្ធសឹងតែជាមួយតួមិនល្បី ក៏អ្នកនាងចុះសម្រុងបានល្អ និងរឹតតែផ្ដល់ស្នាមញញឹមដល់តារាទាំងនោះ ដោយមិនប្រកាន់ថាខ្លួនជាតារាល្បី។ ខុសពីតារាភាគច្រើនដែលរួមការងារជាមួយតារាមិនល្បី យល់ថាជាការបាក់មុខ ប៉ុន្តែអ្នកនាងយល់ថា ពោរពេញដោយតម្លៃខ្ពស់ ដោយសារតែតារាមិនល្បីទើបជួយផ្សាយពីភាពល្បីល្បាញ និងសកម្មភាពល្អរបស់អ្នកនាងដោយសុច្ចចិត្។ ជាក់ស្ដែង ស្ថិតក្នុងបរិយាកាសចម្រុះសុទ្ធតែតារាមិនសូវមានកេរ្តិ៍ឈ្មោះ គ្រប់កម្មវិធីរបស់គ្រួសារតារាកម្ពុជា អ្នកនាងរមែងឈរថត និងមកផ្ដុំនិយាយលេង ផ្ដល់ភាពកក់ក្ដៅឲ្យក្រុមការងារដោយមិនប្រកាន់រឹក ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកនាងត្រូវគេសរសើរតពីមាត់មួយទៅមាត់មួយ ដោយមិនចាំបាច់ជួល។

-សកម្មភាពក្នុងកិច្ចការសង្គម៖ ការលះបង់ក្នុងសកម្មភាពសង្គមរបស់អ្នកនាង ទោះស្ថិតក្នុងតំណែងជាតារាល្បីល្បាញក្នុងសិល្បៈ ទើបធ្វើឲ្”គ្រួសារតារាកម្ពុជា” ស្នើជាទូតសុឆន្ទៈ ប្រចាំឆ្នាំ២០១៩នេះ។ អ្នកនាងជាតារាគំរូ មិនប្រកាន់ខ្លួន និងមិនដែលទទួលការងារសង្គមរួចហើយ សុខចិត្តទម្លាក់ចោលនៅពេលមានការងារបានលុយទាក់ទងមកតាមក្រោយនោះ ដោយអ្នករៀបចំកម្មវិធីសប្បុរសធម៌ ដែលធ្វើជាមួយតារាស្រីរូបនេះ សរសើរគ្រប់មាត់។ អ្នកនាងក៏ជាតារាគ្មានទម្លាប់ដាក់សំណើរឲ្យម្ចាស់កម្មវិធីសប្បុរសធម៌ ដែលអ្នកនាងស្ម័គ្រចិត្តចូលរួមត្រូវធ្វើបែបនេះបែបនោះតម្រូវតាមការទាមទារទាល់តែសោះ បើទោះជាការងារនោះ មិនបានកម្រៃហើយ ខាតបង់លុយកាក់បន្ថែម។ គ្រប់ការងារសង្គមដែលអ្នកនាងចូលរួម ស្ទើរមិនមានសកម្មភាពណាដែលអ្នកនាងទទួលហើយ មិនចោលការងារបានលុយរាប់រយនោះទេ ប៉ុន្តែអ្នកនាងនៅតែញញឹម ហើយទទួលធ្វើការងារដោយការទទួលខុសត្រូវខ្ពស់។ ការងារសប្បុរសធម៌ ដ្បិតតែគ្មានកម្រៃ តែគឺជាចលករជួយឲ្យតារារះថ្មីឆាប់ល្បី និងជួយឲ្យតារាដែលមានក្រេឌីតស្រាប់អាចរក្សាកេរ្តិ៍ឈ្មោះឲ្យនឹង ជាពិសេសការងារសង្គមធំៗ ដែលមានចរន្តលើកមុខលើកមាត់អ្នកចូលរួមឲ្យមហាជនបានដឹងទូលំទូលាយ។ តារាភាគច្រើនស្ម័គ្រចិត្តជួយការងារសប្បុរសធម៌សកម្មតែពេលមិនទាន់ល្បីប៉ុណ្ណោះ ប៉ុន្តែក្រោយពេលល្បីគឺហាក់មើលស្រាល ដោយភ្លេចគិតថា កាន់តែល្បី កាន់តែត្រូវភាពលេចធ្លោពីកម្មវិធីសង្គមធំៗ ដើម្បីបន្តរក្សាកេរ្តិ៍ឈ្មោះ។ តារាម្នាក់មិនងាយនឹងល្បីនោះទេ ប៉ុន្តែបើបណ្ដោយអោយកេរ្តិ៍ឈ្មោះចុះខ្សោយហើយទើបប្រឹងស្ដារ គឺមិនងាយគាស់ឡើងនោះទេ អ៊ីចឹងហើយទើបអ្នកនាង លី ម៉ារីណា ប្រាប់ថា ខណៈដែលទីផ្សារសិល្បៈសំបូរខ្លាំង ក៏ត្រូវតែសកម្មនឹង​ការងារសប្បុរសធម៌នោះដែរ ជាពិសេសការងារសប្បុរសធម៌ដែលអោយតម្លៃការចូលរួមរបស់អ្នកនាង។

-ភាពច្បាស់លាស់៖ ពេលវេលា និងការយកទុកដាក់ចំពោះការងារ ដោយមិនលេសលោះលែងសើច ឬ ធ្វេសប្រហែសចំពោះការងារនៅពេលបំពេញការងារ គឺជាជោគជ័យយ៉ាងរឹងមាំរបស់តារាស្រីរូបនេះ ដែលផ្ទុយពីសិល្បករសិល្បការិនីខ្លះ ដែលចូលរួមក្នុងសកម្មភាពផ្សេងខ្វះការយកចិត្តទុកដាក់ ដោយគិតតែLive ទូរស័ព្ទ លេងទូរស័ព្ទ ជជែកគ្នា ឬ សែលហ្វី ធ្វើឲ្យបាត់តម្លៃក្នុងពេលបំពេញការងារ។

-មិនឆ្អិនក្បាលឆ្អិនកន្ទុយ៖ ទោះបំពេញការងារច្រើនក្រុម ច្រើនផលិតកម្មប៉ុន្តែអ្នកនាងត្រូវគេសរសើរថាមិនធ្លាប់និយាយមិនល្អពីក្រុមនេះទៅប្រាប់ក្រុមនោះ ឬ ធ្វើជាមនុស្សឆ្អិនក្បាលសុីក្បាលឆ្អិនកន្ទុយសុីកន្ទុយតែម្ដង។ សម្ដីមិនល្អពីផលិតករមួយ ពីអ្នកចាត់ចែងកម្មវិធីមួយ ឬ ពីបុគ្គលម្នាក់ គេកម្រឃើញឮចេញពីមាត់។ អ្នកនាង លី ម៉ារីណា រមែងបញ្ជាក់ថា ការនិយាយមិនល្អពីបុគ្គលណាម្នាក់ ជាពិសេសពីផលិតករមួយ គឺជៀសមិនផុតនឹងឮដល់ត្រចៀកម្ចាស់ដើមនោះទេ ដោយអ្នកនាងបញ្ជាក់ថា បើជួបរឿងអ្វីមិនល្អដាក់កប់ចោលទៅ ព្រោះអីសិល្បៈរមែងវិលជុំ ដែលជៀសគ្នាមិនផុត។ អ្នកនាងថាតារាម្នាក់ចង់ល្បីឲ្យយូរ ដាច់ខាតកុំធ្វើខ្លួនឲ្យស្ថិតក្នុងបញ្ជីខ្មៅ របស់ផលិតករណាម្នាក់ ឬ តារាណាម្នាក់ ដោយសារតារាមិនល្បីក៏អាចធ្វើឲ្យប៉ះពាល់ប្រជាប្រិយភាពដែលខំសាងបានដែរ កុំថាឡើយធ្វើឲ្យផលិតករ ឬ អ្នកមានឥទ្ធិពលក្នុងសិល្បៈកត់ទុកក្នុងបញ្ជី។

អ្នកនាង ម៉ៅ សុីណាត ត្បិតថាមានសម្ដីឆ្នាស់ឆ្នើម និងពេលខ្លះនិយាយរាងកាចៗ ទៅកាន់ក្រុមការងារ និងសិល្បករសិល្បការិនីដែលគ្មានវិន័យក្នុងពេលបំពេញការងារព្រោះតែអ្នកនាងទើសចិត្ត ប៉ុន្តែអ្នកនាងគឺជាតារាល្បីល្បាញ ដែលមានបេះដូងសប្បុរសធម៌ និងមានបេះដូងចែករំលែកដល់សិល្បករជំនាន់ក្រោយ ដោយមិនប្រកាន់ខ្លួន គួរឲ្យសរសើរ បន្ថែមពីលើគុណសម្បត្តិដែលបានរៀបរាប់ចំពោះអ្នកនាង លី ម៉ារីណា ខាងលើ។ អ្នកនាងមិនខ្លាចអ្នករួមការងារធ្វើការជាមួយលួចបទពិសោធន៍នោះទេ ផ្ទុយទៅវិញមានតែចង់បង្ហាត់បង្ហាញឲ្យតារារួមការងារចេះដឹង និងចេះរៀបរឹករៀបពារឲ្យសមជាតារាអាជីពមួយរូប។ ផ្អែកលើសមត្ថភាពអ្នកនាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here