ធ្មេចបើកៗ១៧ឆ្នាំបាត់ តែចំណងស្នេហ៍ ទេព បុទមបូផល ក្រមុំកំលោះមិនដូរ

0

១៧ឆ្នាំទៅហើយ ដែលអតីតតារាកំប្លែងអ្នកនាង ទេព បុទមបូផល និងបុរសវ័យជ្រេជាអណិកជននៅក្នុងប្រទេសបារាំងបានចាប់ដៃគ្នាធ្វើជាប្ដីប្រពន្ធ។ អ្នកទាំងពីរចាប់ដៃគ្នាតាំងពីអ្នកនាងបូផល នៅជាតារាកំប្លែងមានឈ្មោះបោះសំឡេង ហើយបើទោះជាស្វាមីរបស់អ្នកនាងមានជម្ងឺធ្វើទុក្ខ ក៏ចំណងស្នេហ៍មួយគូនេះ នៅតែល្អូកល្អិន។

ខុសពីគូស្នេហ៏ប្ដីចាស់ប្រពន្ធក្មេងខ្លះ ដែលស្វាមីចង្អៀតចង្អល់មិនចង់អោយភរិយាប្រឡូកសិល្បៈ និងរមែងមានរឿងប្រចែប្រច័ណ្ឌ ប៉ុន្តែសម្រាប់ចំណងស្នេហ៍អ្នកនាង ទេព បុទមបូផល បែរជាស្វាមីមានតែជំរុញបន្ថែម។ ក្រោយពេលរៀបការអ្នកនាងត្រូវគេឃើញដើរកំប្លែង ដើរច្រៀងរាំ ដោយចាប់ដៃគូជាមួយតារាកំប្លែងនេះតារាកំប្លែងនោះ ហាក់ដូចជានារីមិនទាន់មានអ្នកឃុំគ្រង។ ខុសពីគូស្នេហ៍ដែលស្វាមីវ័យច្រើនជាង ហើយមានជម្ងឺច្រើនផង ដែលភរិយាហាក់មិនចង់រួមរស់ថែទាំ អ្នកនាង ទេព បុទមបូផល ដែលពេលនេះមានកូន៣នាក់ សុខចិត្តបោះបង់ប្រទេសកំណើត ឡលងទៅថែទាំជម្ងឺប្ដីដែលធ្វើទុក្ខជារឿយៗ ក្រោយវះកាត់ដោះដូរបេះដូង ដោយមិននឿយណាយ។ ការសម្បទានអោយគ្នាទៅវិញទៅមកនេះ ទើបគូស្នេហ៍មួយគូនេះ នៅតែមានសុភមង្គល ហើយមើលទៅផ្អែមល្ហែម បើទោះជាឆ្លងកាត់ជាមួយគ្នាឡើងសុាំក្នុងជីវិតអស់១៧ឆ្នាំហើយ។

អ្នកនាង ទេព បុទមបូផល និយាយថា ស្វាមីអ្នកនាងរាល់ថ្ងៃដ្បិតថាបានវះកាត់បេះដូងមែន ប៉ុន្តែសភាពជម្ងឺរបស់លោកគឺនៅតែមានសភាពត្រូវបញ្ជូនចូលពេទ្យជាញឹកញយ ដែលមិនអាចអោយអ្នកនាងទៅធ្វើការអ្វី ឬ ដើរទៅណាចោល ព្រោះត្រូវការការមើលថែ។ អ្នកនាងថាមិនធុញទ្រាន់ទេ ផ្ទុយទៅវិញមានតែប្រើជីវិតរួមគ្នាលើកទឹកចិត្ត ដើម្បីអោយលោកសប្បាយចិត្ត និងមានភាពកក់ក្ដៅ។ អ្នកនាងថាបើទោះជាអ្នកនាងក្មេងស្វាមីចំណាស់ ប៉ុន្តែអ្នកនាងមិនធ្វើអោយគ្រួសារដែលបានសាងឡើងមួយនេះ រង្គោះរង្គើនោះទេ ដោយអ្នកនាង ប្រកាន់ជំហរមិនផ្ដល់ឱកាសអោយអ្នកទី៣ ហើយរឹតតែប្រៀបធៀបស្វាមីរបស់ខ្លួននឹងអ្នកដទៃ បើទោះជាអ្នកណាល្អកម្រិតណា។ អ្នកនាងថាបានក្លាយជាប្ដីប្រពន្ធគ្នា អត់មានបុរសណាល្អជាងស្វាមីអ្នកនាងទេ ហើយស្វាមីអ្នកនាងក៍មិនដែលមើលឃើញអ្នកណាល្អជាអ្នកនាងដែរ ទើបរយៈពេល១៧ឆ្នាំ តាំងពីចាប់ដៃគ្នា គឺអត់មានបញ្ហា បើទោះជាអ្នកនាងជាអ្នកសិល្បៈ ហើយរស់នៅម្ខាងម្នាក់ដែលជៀសមិនផុតពីមាត់ចាបមាត់ព្រាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here