សម្ពោធសាលាសហគមន៍ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងព័ត៍មាន និងសិល្បករ អធឹកអធម

0
ក្នុងពិធីបើកសម្ពោធសាលាអង់គ្លេសសហគមន៍ធីសេវើ ស្ថិតនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី២០ កក្កដា ក្រោមអធិបតីឯកឩត្តមបណ្ឌិត្យ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន និងតារាសិល្បៈកុះករ ត្រូវបានគេកត់សម្គាល់ថាមានភាពអធឹកអធម និងសប្បាយរីករាយយ៉ាងខ្លាំង។ គណអធិបតី ថែមទាំងផ្ដល់កិត្តិយសឡើងរាំ បន្ទាប់ពីប្រគល់អំណោយ និងទស្សនាការសម្ដែងរបស់សិល្បករសិល្បការិនីពីគ្រួសារតារាកម្ពុជានោះផង។

ចាត់ទុកជាមោទនភាពខ្លាំងណាស់ ដែលឯកឩត្តម ខៀវ កាញារីទ្ធ បានផ្ដល់កិត្តិយសកាត់ខ្សែបូរបើកសម្ពោធសាលា ដែលត្រូវគេមើលឃើញថា មិនមែនជាសាលាទ្រង់ទ្រាយធំ នៅក្នុងសហគមនោះ។ ឯកឩត្តមបានផ្ដល់ថវិកាចូលរួមនៅក្នុងកម្មវិធីជាច្រើនផ្នែក ដោយមានថវិកាទ្រទ្រង់សាលា ថវិកាជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមសន្និសុខ និងក្រុមអ្នកសិល្បៈ ដោយឯកឩត្តមក៍ផ្ដល់កិច្ចសំណេះសំណាលជាមួយពលរដ្ឋ និងប្រគល់អំណោយដោយផ្ទាល់ដៃជូនដល់អ្នកចូលរួមនោះផង។ ឯកឩត្តមក៍បង្ហាញការកោតសរសើរផងដែរ ដល់លោក ញិល ម៉េង ហៅធី ដែលជាអ្នកផ្ដួចផ្ដើមបង្កើតសាលាសហគមន៍នោះឡើង ដើម្បីជាប្រយោជន៍ដល់ក្មេងៗ។

- Advertisement -

នៅក្នុងពិធីនោះក្រៅពីប្រជាពលរដ្ឋ និងគណប្រតិភូយ៉ាងច្រើនកុះករ ក៍មានតារាសិល្បៈចូលរួមច្រើនដែរ ដូចជា អ្នកស្រី ឌី សាវ៉េត អ្នកស្រី សរ កេសរ៉ា លោក អឿន រតនៈ ប្រធានសមាគមសិល្បករខ្មែរ ប្រចាំសហរដ្ឋអាមេរិក លោក សុឹម សុរ៉ាមភូមិ ក្រុមតារាចម្រៀង The Voice Kid និងវត្តមានតារាៗជាច្រើនរូបរបស់គ្រួសារតារាកម្ពុជា។ នៅក្នុងថ្ងៃនោះ សមាសភាពគ្រួសារតារាកម្ពុជា បានទទួលកិត្តិយសយ៉ាងខ្លាំង ក្នុងការកាន់តំណែងជាពិធីករកម្មវិធី ជាតារាចម្រៀងកិត្តិយសក្នុងកម្មវិធីផ្លូវការ និងដើរបង្ហាញម៉ូដនៅចំពោះវត្តមានឯកឩត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដោយផ្ទាល់ ដោយថែមទាំងត្រូវបានឯកឩត្តម និងគណអធិបតីកោតសរសើរ។ សមាសភាពពីគ្រួសារតារាកម្ពុជា នៅក្នុងថ្ងៃនោះរួមមាន លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាពផ្នែកឈុតបុរាណឆ្នាំ២០១៩ ដែលទូតសុឆន្ទៈប្រចាំក្រុម, និង លោក សុិន សុធារិទ្ធ ម្ចាស់ពានគ្រងឈុតបុរាណកម្រប្រចាំឆ្នាំ២០១៨ ដែលជាទូតសុឆន្ទៈប្រចាំក្រុមដូចគ្នា។ លោក សន សុវណ្ណារ៉ា ពិធីករ, កញ្ញា ព្រះអាទិត្យតូច ពិធីការិនី, កញ្ញា រៀមច័ន្ទ បរមី តារាចម្រៀង និងជាពិធីការិនី, អ្នកនាង យីវ ម៉ូនីកា តារាសម្ដែង, លោក សឹម សុវណ្ណដូឡា តារាចម្រៀង, លោក កញ្ញា លី ណៃហ៑ាង តារាម៉ូដែលក្រុម BN, លោក ឯក រ៉ាវ័ន្ត តារាសម្ដែង និងជាតារាម៉ូដែល, លោក វង សច្ចៈវិជ្ជា តារាសម្ដែង និងជាពិធីករ, កញ្ញា សិទ្ធិ សូរ្យលីនណែត តារាម៉ូដែលBN, និង កញ្ញា អៃ សុគន្ធពិដោរ តារាម៉ូដែលBN។ តារាទាំងនេះ បានសហការគ្នាយ៉ាងល្អ ក្នុងតួនាទីជាពិធីករ ពិធីការិនី ដើរបង្ហាញម៉ូត និងច្រៀងជូនគណអធិបតី។ ក្នុងពិធីនោះ ឯកឩត្តម ខៀវ កាញារីទ្ធ ក៍ឡើងរាំកម្សាន្តទុកជាអនុស្សាវរីយ៍ ធ្វើអោយកម្មវិធីកាន់តែអធឹកអធមផងដែរ។

SHARE