ព្រឺរោមណាស់! ពេលស្ដាប់រឿងអច្ឆរិយៈ មុនពេល វណ្ណា វត្តី លើកពាន

0

ក្នុងការប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា កាលពីថ្ងៃទី ៨ កក្កដា នៅប្រាសាទសំបូរព្រៃគុក តារាចម្រៀង កញ្ញា វត្តី ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងតំណែងជាតារាដែលមានឈុតបុរាណស្រស់ស្អាត និងត្រូវទម្រង់ដាច់គេ បន្ទាប់ពីម្ចាស់ពានចំណាត់ថ្នាក់លេខ១។ យ៉ាងណាមិញនៅពីក្រោយការទទួលបានចំណាត់ថ្នាក់នេះ គឺមានអច្ឆរិយៈ នៅពីក្រោយខ្នង។

តារាចម្រៀង កញ្ញា វណ្ណា វត្តី បានថ្លែងបញ្ជាក់ថា ក្នុងពេលគ្រួសារតារាកម្ពុជា ប្រកាសស្វែងរកតារាសិល្បៈ អោយទៅគ្រោងឈុតបុរាណ ដើម្បីលើកស្ទួយវប្បធម៌អបអរប្រាសាទសំបូរព្រៃគុកចូលជាបេតិកភណ្ឌពិភពលោកបាន២ឆ្នាំ កញ្ញា គ្រាន់តែចុះឈ្មោះចូលរួមក្នុងនាមជាអ្នកចង់គ្រងឈុតបុរាណ ដើម្បីរួមគ្នាជួយជាតិប៉ុណ្ណោះ គឺអត់បានដឹងថា នៅក្នុងកម្មវិធី មានការប្រកួតប្រជែងឈុតបុរាណដូចដែលនាងបានឃើញនោះឡើយ។ នាងបានទាក់ទងស្វែងរកលោក អុី សុខជា ដែលជាអ្នកច្នៃម៉ូដអោយកញ្ញា រំដួលលិចទឹក កន្លងមក ដើម្បីបានឈុតស្អាត និងមានអត្ថន័យមួយ គ្រាន់តែចង់អោយឈុតដែលនាងស្លៀកទៅមានភាពលេចធ្លោ ព្រោះមិនចង់ជួលឈុតស្រាប់ៗដែលគេស្គាល់សុាំភ្នែក។ កញ្ញាថា ក្នុងពេលទៅដល់កញ្ញា ភ្ញាក់ព្រឺតនៅពេលដឹងថាកម្មវិធីមានការរៀបចំដមក្រឡាប្រកួតប្រជែង ដោយនាងក៍គិតភ្លាមថា តើគួរចូលប្រកួត ឬ មិនចូល។ កញ្ញា និយាយថា”ខ្ញុំគិតថាខ្ញុំមិនស្អាតសម្រាប់ការប្រលងសម្រស់ទេ ទើបខ្ញុំនិយាយនៅមុខមកុដដែលខ្ញុំគ្រង ក្នុងពេលអុជធូបថា អត់ប្រកួតទេ ខ្លាចធ្លាក់ខ្មាស់គេ ប៉ុន្តែពិតជាអច្ឆរិយៈណាស់ គ្រាន់តែខ្ញុំនិយាយមិនទាន់ចប់ផង ស្រាប់តែមានវិញ្ញាណស្រីស្អាតម្នាក់ចេញមកសំកាំងនៅនៅមុខយើង គឺដូចជាអត់ពេញចិត្តសម្រាប់ការសម្រេចចិត្តយើង គឺដូចជាខឹងយើង ធ្វើអោយយើងឃើញហើយព្រឺរោមតែម្ដង។ ខ្ញុំក៍និយាយថា ព្រះនាងទេពអប្សរាៗ បើព្រះនាងពិតជាចង់អោយខ្ញុំចូលប្រលង សូមព្រះនាងកុំបង្ហាញខ្លួន ធ្វើអោយកូនចៅខ្លាច សូមត្រលប់ទៅវិញទៅ ក៍ស្រាប់តែបាត់មែន ហើយខ្ញុំក៍អុជធូបនិយាយថា បើព្រះនាងទេពអប្សរា ចង់អោយខ្ញុំប្រលងចឹង សូមអោយឈុតហ្នឹង មើលទៅឃើញស្អាតៗៗ”។

វណ្ណា វត្តី បន្តទាំងព្រឺរោមថា នៅពេលនាងឡើងបង្ហាញខ្លួនបានម្ដងនៅលើវេទិកា ក្នុងនាមជាបេក្ខនារីរួចហើយ កញ្ញាក៍រត់មកឡាន ហើយដោះមកុដ និងប្រាប់ខ្លួនឯងថា មិនឡើងលើឆាកទៀតទេ ដោយសារតែនាងយល់ថាខ្លួនមិនស្អាតដល់ក្មេង ដែលឡើងបង្ហាញខ្លួននៅក្នុងថ្ងៃនោះ។ ប៉ុន្តែនៅមុនពេលគណកម្មការតម្រូវអោយបេក្ខជនបេក្ខនារីឡើងលើឆាកជុំគ្នា ដើម្បីប្រកាសលទ្ធផលប្រុស៦ ស្រី៦ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្រាប់តែមានវិញ្ញាណដដែលមកប្រាប់អោយនាងឡើងឆាកតែម្ដង គឺមកទាំងស្រស់ៗ ហើយធ្វើកាយវិកាអោយនាងពាក់មកុដចេញពីឡានទៅឆាកអោយលឿន ទើបនាងចេញពីឡានទៅឆាក ព្រោះខ្លាចម្ចាស់ឈុតប្រកាន់។ នាងស្ទើរមិនជឿភ្នែកនៅពេលគណកម្មការប្រកាសថាឈុតរបស់នាង បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបានជាប់លេខ២នៅក្នុងកម្មវិធី។ វណ្ណា វត្តី នៅតែដក់ជាប់រូបភាពវិញ្ញាណឈុតមកប្រាប់ និងបង្ហាញខ្លួនស្រស់ៗ ដោយគ្រាន់តែនាងរំលឹកឡើងវិញ ក៍អះអាងថាព្រឺរោមដែរ។ យ៉ាងណាមិញនាងថា នាងបានដឹងហើយ ថាកម្មវិធីប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា មិនមែនជាកម្មវិធីប្រកួតសម្រស់នោះទេ តែជាកម្មវិធីប្រកួតបុរាណដែលត្រូវទម្រង់ និងលេចធ្លោ។

គួរបញ្ជាក់ថា ឈុតរបស់កញ្ញា វណ្ណា វត្តី គឺជាឈុតព្រះនាងទេពអប្សរា ដែលមានចរឹកនៅជញ្ជាំងប្រាសាទបាយ័ន។ តួអង្គនេះជាអទិទេពធំជាងព្រះនាងអប្សរា និងមានមកុដកំពូល៣ដូចប្រាសាទអង្គរវត្ត ដែលព្រះនាងអប្សរានានាមិនមាន។ ឈុតរបស់នាង ក៍ចាត់ទុកជាឈុតកម្រមួយ ព្រោះមកុដខុសគេ ក្នុងចំណោមបេក្ខនារី ដែលចូលប្រកួតផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here