បេក្ខជន២រូប លេងឈុតប្លែកគេ តែមិនបានកាន់ពាន

0

ក្នុងចំណោមបេក្ខជនបេក្ខនារី ដែលចូលរួមប្រកួតឈុតបុរាណទាំងអស់ គឺមានតែតារាសម្ដែង លោក ឆាលី និង លោក ឃីម រតនៈ ប៉ុណ្ណោះ ដែលគ្រងឈុតប្លែកគេ មិនច្រលំគេ ដោយសារតែអ្នកទាំងពីរម្នាក់គ្រងឈុតស្ដេចគ្រុឌ និងម្នាក់ទៀតគ្រងឈុតស្ដេចនាគ។ យ៉ាងណាមិញ ឈុតរបស់អ្នកទាំងពីរមិនទទួលបានឱកាសកាន់ពាននោះ ដោយសារតែឈុតទាំងពីរដ្បិតថាលេចធ្លោ និងប្លែកពីគេ ប៉ុន្តែមិនមែនជាឈុតដែលមានរចនាបទបុរាណ និងមិនមែនជាឈុតដែលជួយអោយរូបសម្រស់របស់អ្នកទាំងពីរអណ្ដែតឡើង។

លោក ឃីម រតនៈ តារាសម្ដែង ដែលគេស្គាល់ភាគច្រើនក្នុងរោងកុនថា ជាតួបងធំ និងជាតួច្រឡឺម គឺជាអ្នកគ្រងឈុតស្ដេចនាគ ដោយក្នុងពេលដើរបង្ហាញខ្លួន គឺលោកពាក់មុខនាគ គួរអោយចាប់អារម្មណ៍លើឆាក។ ឈុតរបស់លិក ដ្បិតថា ខ្វះរចនាបទ និង មិនពេញលក្ខណៈអោយសមនឹងឈ្មោះថា ឈុតស្ដេចនាគ ប៉ុន្តែក៍ចាត់ទុកថា លោកគឺជាតារាសិល្បៈមួយរូប ដែលចេះស្វែងរកសំលៀកបំពាក់ប្លែកគ្នា ដើម្បីទាក់ទាញការចាប់អារម្មណ៍ផងដែរ។

តារាសម្ដែង លោក ឆាលី ដែលគេស្គាល់ភាគច្រើនថាជាតួចិត្តអាក្រក់ និងជាតួក្រមិចក្រមុើមម្នាក់ផងដែរនោះ ក៍លេចធ្លោមិនតិចដែរក្នុងឈុតស្ដេចគ្រុឌ ដែលបេក្ខជនបេក្ខនារីដទៃទៀត មិនមាន។ មួយឈុតនេះមានការបន្ថែមគំនិតច្នៃប្រឌិតរបស់លោក ដោយមិនមែនយកឈុតស្រាប់ៗមកគ្រងទាំងស្រុង ដូចបេក្ខជនខ្លះនោះទេ ទើបធ្វើអោយការបង្ហាញខ្លួនរបស់លោក នៅក្នុងពេលនោះ មើលទៅទាក់ភ្នែក។ លោក ឆាលី ទទួលស្គាល់ថា ឈុតស្ដេចគ្រុឌដែលលោកជ្រើសមកប្រកួតឈុតបុរាណ លោកដឹងខ្លួនថា មិនអាចប្រជែងនឹងឈុតបុរាណដែលមានទ្រង់គ្រឿងល្អៗបានទេ ប៉ុន្តែលោកពេញចិត្តជ្រើសមក ដើម្បីកុំអោយសុទ្ធតែឈុតព្រះមហាក្សត្រៗជាន់ៗគ្នាខ្លាំងពេក។

គួរបញ្ជាក់ថា វត្តមានរបស់អ្នកទាំងពីរ គឺចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតឈុតបុរាណទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា ដែលបានធ្វើឡើងនៅប្រាសាទសំបូរព្រៃគុក ដោយមានក្រុមហ៑ុនហុងដាជួបកៅចូលរួមរៀបចំ។ ព្រឹត្តនេះ មានតារាសិល្បៈប្រមាណ១០០នាក់ចូលរួម និងមានអ្នកសិល្បៈអាជីពជាង៦០នាក់ប្រកួតប្រជែងឈុតបុរាណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here