យីវ ម៉ូនីកា ធ្វើពិធី២ផ្គួបគ្នា មុនសម្រេចចិត្តផ្អាកសម្ដែង

0

ទើបបញ្ចប់ការសម្ដែងក្នុងភាពយន្តមួយនៅ CTN សោះ តារាសម្ដែងអ្នកនាង យីវ ម៉ូនីកា បានប្រកាសប្រាប់ថា អ្នកនាងនឹងផ្អាកទទួលសម្ដែងរហូតដល់ដើមឆ្នាំ២០២០ទើបពិចារណាជាថ្មី ដើម្បីទុកពេលមើលថែកូនតូច។ យ៉ាងណាមិញទន្ទឹមនឹងការប្រកាសផ្អាកនេះ អ្នកនាងក៍បានរៀបចំពិធី២ចូលគ្នា គឺពិធីខួបអាពាហ៍ពិពាហ៍ ផ្គួបនឹងខួបកំណើតកូនស្រីទី២ក្នុងថ្ងៃតែមួយ កាលពីយប់ថ្ងៃទីកាលពីថ្ងៃទី១៥ ឧសភា ដើម្បីបានជួបជុំមិត្តភ័ក្ត្រ និងបងប្អូនសប្បាយៗ ក្នុងហាងធំមួយនៅម្ដុំបឹងកេងកងផងដែរ។

អ្នកនាង យីវ ម៉ូនីកា និយាយថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៩ អ្នកនាងនឹងមិនទទួលសម្ដែងនោះទេ ខណៈដែលតាំងតែពីសម្រាលកូនរហូតមកទល់ពេលនេះ មានភាពយន្តមិនតិចនោះទេ ដែលទាក់ទងមកហើយអ្នកនាងបានបដិសេធ។ ដោយឡែកសម្រាប់ពិធីជប់លៀង ដែលអ្នកនាងបានធ្វើនៅក្នុងយប់នោះ អ្នកនាងថា ដើម្បីរំលឹកអនុស្សាវរីយ៍នៃចំណងអាពាហ៍ពិពាហ៍រយៈពេល៩ឆ្នាំ ជាមួយស្វាមីដែលជាមន្ត្រីប្រចាំខ័ណ្ឌ ពោធិសែនជ័យ និងដើម្បីប្រារព្ធខួបអោយកូនស្រីទី២ វ័យ៦ឆ្នាំនោះផង។ អ្នកនាងថា ពិធីដែលបានធ្វើនេះ គ្មានអ្វីក្រៅពីចង់បង្ហាញអោយអ្នកគាំទ្រស្គាល់ពីសុភមង្គលគ្រួសាររបស់អ្នកនាង និងចង់បង្ហាញថា រវាងអ្នកនាង និងស្វាមី បើទោះម្នាក់ជាអ្នកសិល្បៈ ហើយម្នាក់ទៀត គឺជាមន្ត្រីរាជការ ប៉ុន្តែមិនមានផលរមាស់ណាមួយកើតឡើងនោះទេ ក្នុងជីវិតអាពាហ៍ពិពាហ៍។ យ៉ាងណាមិញអ្នកនាងបានសារភាពថា ស្វាមីរបស់អ្នកនាងក៍ចេះប្រច័ណ្ឌនោះដែរ ទើបអ្នកនាងទទួលសម្ដែងតែជាតួម្ដាយ ឬ តួបងស្រី ដែលមិនភ័យរឿងសម្ដែងស្និទ្ធស្នាលជាមួយតួប្រុសណាម្នាក់ ដែលនាំអោយស្វាមីមានអារម្មណ៍មិនល្អ។ ម្យ៉ាងមកពីអ្នកនាង ក៍មិនអាចទទួលសម្ដែងជាតួដែលមានទំនាក់ទំនងប្លែកភ្នែកនាំអោយស្វាមីបាត់បង់កិត្តិយសផង ទើបតាំងពីចាប់ដៃគ្នា អ្នកនាងមិនដែលទទួលសម្ដែងជាតួស្នេហាល្អូកល្អិនជាមួយតារាណាម្នាក់នោះទេ ដោយអ្នកនាងប្រកាសថា បើខាងផលិតករតម្រូវអោយសម្ដែងជាតួអង្គកាន់តែចាស់ អ្នកនាងកាន់តែសប្បាយចិត្ត។

អ្នកនាង យីវ ម៉ូនីកា បន្តថា អ្នកនាងទើបតែបញ្ចប់ការសម្ដែងភាពយន្តរឿង “វាសនានាងវីរីយ៉ា”នៅទូរទស្សន៍CTN ដោយអ្នកនាងប្រកាសផ្អាកការសម្ដែងរហូតដល់ចុងឆ្នាំ២០១៩ យ៉ាងហោច ដើម្បីទុកពេលមើលថែកូនតូចទី៣ ដែលទើបតែមានវ័យបានជាង១ឆ្នាំ។ អ្នកនាងថា រយៈពេល៩ឆ្នាំក្នុងចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមី អ្នកនាងទទួលបានកូនស្រី៣នាក់ ដោយកូនទី១វ័យ៨ឆ្នាំ ទី២វ័យ៦ឆ្នាំ និងទី៣វ័យជាងមួយឆ្នាំ។ ក្នុងនោះអ្នកនាងក៍ឆ្លៀតទទួលការសម្ដែងបានច្រើនរឿងផងដែរ មុនពេលសម្រាលកូនទី៣ និងប្រកាសផ្អាក ដោយភាពយន្តរឿង”នាវាជីវិត”TV11 និងរឿង”ផ្កាព្រៃស្រទាប់មាស” ប៉ុស្តិ៍លេខ៥ សុទ្ធតែបានជួយអោយអ្នកនាងទទួលបានការទទួលស្គាល់ពីអ្នកតាមដានភាពយន្ត និងរឿង”វាសនានាងវីរីយ៉ា” ដែលគ្រោងចាក់ផ្សាយនៅ CTN នឹងក្លាយជាភាពយន្តចុងក្រោយ ក្នុងពេលដែលអ្នកនាងប្រកាសផ្អាកសម្ដែងរហូតដល់ដើមឆ្នាំ២០២០ ទើបទទួលវិញ។ អ្នកនាងថា ផលិតករភាគច្រើននៅតែផ្ដល់ឱកាសអោយនាងបានសម្ដែង ប៉ុន្តែមកពីអ្នកនាងទ័លដៃទ័លជើងនឹងកូនតូច ហើយមិនអាចទទួលសម្ដែងបាន ទើបសម្រេចចិត្តចោល។ អ្នកនាងនៅតែរំពឹងថា ការប្រកាសផ្អាករបស់ខ្លួននឹងមិនធ្វើអោយទស្សនិកជនបំភ្លេចឈ្មោះ ហើយផលិតករនឹងលែងហៅថតនៅពេលសម្រេចចិត្តទទួលសម្ដែងវិញនោះទេ ក្នុងពេលដែលអ្នកនាងបង្ហាញការយល់ឃើញថា ផលិតករដែលអ្នកនាងធ្លាប់ធ្វើការជាមួយនឹងនៅតែផ្ដល់ឱកាសអោយសម្ដែង បើអ្នកនាងទទួលវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here