តារាសិល្បៈមួយក្រុម ទទួលបានការសន្យាពីក្រុមហ៑ុនអចលនទ្រព្យធំមួយ នៅជប៉ុន

0

ក្នុងដំណើរទស្សនកិច្ច និងបង្ហាញពីអត្តសញ្ញាណខ្មែរនៅលើទឹកដីខ្មែរ សិល្បករមួយក្រុមពីប្រទេសកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីជនជាតិជប៉ុន ដោយត្រូវបានក្រុមហ៑ុនអចលនទ្រព្យធំមួយប្រចាំប្រទេសជប៉ុន បានប្រកាសពីសន្យា ក្នុងជំនួប និងបង្ហាញសិល្បៈខ្មែរ នាឱកាសនោះផង។

- Advertisement -

សិល្បករខ្មែរមួយក្រុមដែលទទួលបានការធានាពី អ្នកស្រី ឆោម ស្រស់ ប្រធានសមាគមរួបរួមពលរដ្ឋខ្មែរ ប្រចាំប្រទេសជប៉ុននេះ មិនត្រឹមតែមានឱកាសបានដើរដង្ហែរក្បួន នៅក្នុងពិធីបង្ហាញវប្បធម៍ប្រចាំឆ្នាំ ដែលបានធ្វើឡើងនៅក្នុងទីក្រុងហ្វុកាគុ នៅប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៍ត្រូវបានជនជាតិជប៉ុនអញ្ជើញអោយឧទ្ទេសនាមនៅក្នុងក្រុមហ៑ុនអចលនទ្រព្យធំមួយ ដែលបង្ហាញថាជនជាតិជប៉ុនមិនត្រឹមតែពលរដ្ឋសាមញ្ញនោះទេ សូម្បីតែថ្នាក់ដឹកនាំក្រុមហ៑ុនធំៗ ក៍ចាប់អារម្មណ៍នឹងសិល្បៈវប្បធម៍របស់ជនជាតិកម្ពុជាផងដែរ។ ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី ៩ ឧសភា គេចាប់អារម្មណ៍ថា ក្រុមសិល្បៈមួយក្រុមនេះ ក៍ត្រូវនាយកក្រុមហ៑ុនអចលនទ្រព្យធំមួយ នៅក្នុងប្រទេសជប៉ុនឈ្មោះ Chintai អញ្ជើញអោយសិល្បករខ្មែរទាំងនោះ អោយសម្ដែងរបាំបុរាណ និងច្រៀងរាំចង្វាក់ខ្មែរអោយទស្សនា ដែលជាការលើកស្ទួយដល់វប្បធម៍ខ្មែរនោះផង។

នៅក្នុងពិធីនោះក៍មានប្រគល់វត្ថុអនុស្សាវរីយ៍អោយគ្នាទៅវិញទៅមក ដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន លើផ្នែកវប្បធម៍សិល្បៈផងដែរ។

អ្នកស្រី ឆោម ស្រស់ ប្រធានអង្គការរួបរួមពលរដ្ឋកម្ពុជាជប៉ុន ដែលជាអ្នកធានាយកតារាសិល្បៈខ្មែរមកកាន់ប្រទេសជប៉ុន បានអះអាងថា បន្ទាប់ពីបងប្អូនខ្មែររស់នៅប្រទេសជប៉ុនប្រមាណជិត១០០នាក់ បានធ្វើក្បួនដង្ហែរបង្ហាញពីសិល្បៈខ្មែរ ក្នុងពិធីបុណ្យប្រចាំឆ្នាំធំមួយ ដែលមានការចូលរួមពីបណ្ដាប្រទេសជាច្រើន អ្នកស្រីក៍បានធានាយកតារាសិល្បៈមួយក្រុម ដឹកនាំដោយលោក នូ សុផេន អោយមកបង្ហាញទម្រង់សិល្បៈនៅតាមបណ្ដាក្រុមហ៑ុនតូចធំ តាមសាលារៀន និងតាមសហគមន៍ដែលមានបងប្អូនខ្មែររស់នៅ ដើម្បីអោយកូនខ្មែរដែលធំធាត់នៅក្នុងប្រទេសជប៉ុនបានស្គាល់ពីអត្តសញ្ញាណជាតិរបស់ខ្លួន និងដើម្បីអោយបរទេស ពិសេសគឺជនជាតិជប៉ុន កាន់តែស្គាល់ពីខ្មែរ ក្រៅពីស្គាល់អង្គរវត្តតែម្ដង។ ក្នុងនាមជាប្រធានសមាគមតំណាងជនជាតិខ្មែរនៅក្នុងប្រទេសជប៉ុន ក្រៅពីធ្វើសកម្មភាពស្វែងរកមូលនិធិជួយដល់សហគមក្រីក្រនៅកម្ពុជា អ្នកស្រីរមែងប្រមូលផ្ដុំខ្មែររៀបចំជាកម្មវិធីផ្សេងៗ ដើម្បីលើកស្ទួយសិល្បៈខ្មែរ ដោយអ្នកស្រីក៍ព្យាយាមស្វែងរកស្ពុនស័រ ដើម្បីអោយសមាគមរបស់អ្នកស្រី មានលទ្ធភាពស្ពុនស័រសិល្បករខ្មែរ មកផ្សព្វផ្សាយវប្បធម៍នៅក្នុងប្រទេសជប៉ុនអោយបានច្រើននាក់ជាងលើកនេះផងដែរ។

លោក នូ សុភេន អ្នកដឹកនាំតារាខ្មែរមកបង្ហាញអត្ថសញ្ញាណជាតិនៅលើទឹកដីជប៉ុនបានអះអាងថា គម្រោងមកកាន់ប្រទេសលើកនេះគឺជាលើកទី២ហើយ ដោយវត្តមានសិល្បករខ្មែរលើកនេះត្រូវបានស្នើមកច្រើនជាងមុន ទើបអាចបែងចែកជាអ្នករបាំបុរាណខ្លះ និងអ្នកចម្រៀងខ្លះ តែអ្វីដែលលោកបានបង្ហាញគឺទម្រង់របាំខ្មែរ និងសំលៀកបំពាក់ខ្មែរក្នុងពេលបង្ហាញខ្លួនជួនបណ្ដាជនជាតិជប៉ុននោះតែម្ដង។ លោកថាវត្តមានដឹកនាំតារាមកប្រទេសជប៉ុនលើកនេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ឧសភា ដោយដំណើរដឹកនាំសិល្បករមកបង្ហាញអត្តសញ្ញាណលើកនេះ ក៍មានសហការជាមួយស្ថាបនិកគ្រួសារតារាកម្ពុជាផងដែរ។

នៅក្នុងពិធីនោះ នាយក្រុមហ៑ុនChintai ដែលជាអ្នកចំណាយលើសំបុត្រយន្តហោះរបស់ក្រុមសិល្បៈ បានអះអាងលោកនឹងបន្តស្ពុនស័រសិល្បករខ្មែរ អោយមានឱកាសមកបង្ហាញទម្រង់សិល្បៈ នៅក្នុងប្រទេសជប៉ុន អោយបានច្រើននាក់ជាងនេះ ដើម្បីអោយសិល្បករខ្មែរ បានមកជប៉ុនច្រើននាក់ ក្នុងការផ្សព្វផ្សាយពីវប្បធម៍អរិយធម៍។ លោកថាកម្ពុជាជាជាតិសាសន៍ដែលមានវប្បធម៍បុរាណសំបូរបែប និងគួរអោយស្ងើចសរសើរ ទើបលោកពេញចិត្តចំណាយលើសំបុត្រយន្តហោះរបស់សិល្បករទាំងអស់។ ក្នុងឱកាសនោះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៍បានប្រគល់ជូនភរិយារបស់អគ្គនាយកក្រុមហ៑ុនអចលនទ្រព្យ Chintai នូវសុីញរបស់គ្រួសារតារាកម្ពុជា ដែលជានិមិត្តសញ្ញានៃការលើកស្ទួយសិល្បៈវប្បធម៍ខ្មែរ ទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។

SHARE