ចាប់មេក្លោង និង ដកហូតបានថ្នាំញៀនជិត ១គីឡូក្រាម នៅស្ទឹងត្រែង

0

 

អត្ថបទ៖ ភ្នាក់ងារខេត្ត

ស្ទឹងត្រែង៖ ជនជាតិឥណ្ឌូនេស៉ីម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនភ្លាមៗ នៅចំណុចប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ នៅចំណុចត្រពាំងក្រៀល ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ពីបទរត់ពន្ធគ្រឿងញៀន ដោយដកហូតបានថ្នាំញៀនជិត១គីឡូក្រាម។

យោតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអះអាងថា កម្លាំងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល ក្រោយសហការជាមួយកម្លាំងជំនាញនគបាលខេត្ត បានរួមគ្នាបង្ក្រាបបានលើករណីនេះ។

លោក ចែម ផាណិត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានថ្លែងជាសាធារណៈកាលពីថ្ងៃទី២ ខែវិច្ឆិកា ថា មេក្លោងចែកចាយគ្រឿងញៀន ដែលកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាននោះ មានឈ្មោះ ថា AGUN ROHMAN អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី បានធ្វើដំណើរមកពីក្រុងហុងកុង ប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ ចូលមកប្រទេសកម្ពុជាយើងបម្រុងធ្វើការចែកចាយគ្រឿងញៀន ប៉ុន្តែដោយមានការសហការគ្នា ទើបឃាត់ខ្លួនបាន ជាមួយនឹងវត្ថុតាងជាក់ស្ដែង។ គ្រឿងញៀន ដែលដកហូតបាន គឺថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ៤កញ្ចប់ធំ ទម្ងន់សរុប៩៤៩.៨ក្រាម។

មកដល់ពេលនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រៀបចំសំណុំឯកសារបញ្ជូនទៅកាន់តុលាការ និងស្វែករកមុខសញ្ញាពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការបន្ដតាមនីតិវិធី៕